ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត៖ ​ជីវិត​កង​ទ័ព​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ ដើម្បី​រក្សា​ការពារភាព​សុខ​សាន្ត​របស់​ពល​រដ្ឋ

227

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជីវិតជាកងកម្លាំងប្រដាប់អាវុធត្រូវធ្វើការ និងត្រៀមប្រចាំការជាប់ជានិច្ចដើម្បីការពារ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់ពេល។


ថ្លែងក្នុងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន និស្សិតនាយទាហានសកម្មនៅសាលានាយទាហានសកម្មត្មាតពង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាករងកងទ័ពជើងគោក មានប្រសាសន៍ថា នៅក្នុងឱកាសចូលឆ្នាំខ្មែរកន្លងទៅនេះកងកម្លាំងប្រដាប់អាវុធមិនបានឈប់សម្រាកទេ គឺនៅធ្វើការ និងប្រចាំការជាប់ជានិច្ចដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយ។ជាមោទនភាពរបស់សាលានាយទាហានសកម្មដែលបានកសាងសមត្ថភាពដល់នាយទាហានសម្រាប់កងយោធពលខេមរភូមិន្ទគ្រប់ជំនាន់ដើម្បីចូលរួមកសាងប្រទេស និងការពារជាតិ។ការផ្គត់ផ្គង់នូវរបបផ្សេងៗរបស់រាជរដ្ឋាភិបាលគួបផ្សំ និងការខិតខំច្នៃប្រឌិតរបស់ប្រធានអង្គភាពដើម្បីការហូបចុក ការស្នាក់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានគឺដើម្បីធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង ការហ្វឹកហ្វឺននៅក្នុងវិស័យការពារជាតិប្រកបដោយមោទនភាព។
ឯកឧត្តមបន្តថា ការចូលរួមប្រកបដោយទឹកចិត្ត និងឆន្ទៈ របស់យោធាចារ្យ នាយទាហាន ក្នុងការបណ្តុះបណ្តាល សមត្ថភាពជំនាញ សីលធម៌ គុណធម៌ដល់នាយទាហានសកម្មដែលបានធ្វើឱ្យមានការកោតសរសើរ និងមិនចាញ់កងទ័ពរបស់អាមេរិចឡើយ។ នាយទាហានគឺជាឆ្អឹងខ្នងរបស់កងទ័ព ពលទាហានគឺជាអ្នកអនុវត្តដើម្បីធានានូវការដឹកនាំ ការកសាងសមត្ថភាពនិងការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយការទទួលខុសត្រូវ បីដូចជារថក្រោះមួយមិនអាចទៅមុខបានទេបើគ្មាននាយទាហាន ពលទាហានទៅបញ្ជាប្រកបដោយឆន្ទៈនោះទេ។ នាយទាហានត្រូវដឹងច្បាស់ និងគោរពច្បាប់ បទដ្ឋាន ទំលាប់របស់កងយោធពលខេមរភូមិន្ទដើម្បីត្រៀមបំពេញភារកិច្ចទៅតាមអង្គភាពផ្សេងៗឱ្យក្លាយជាស្តង់ដាតែមួយរបស់នាយទាហានសកម្មដែលនេះគឺជាភាពខុសគ្នារវាងស្ថាប័នកងទ័ព និងស្ថាប័នស៊ីវិល៕

zsas2 zsas5 zsas1