ប្រជាជន​កម្ពុជា​៩៥% ព្រួយបារម្ភ​ចំពោះ​បន្លែ​សុវត្ថិភាព នៅ​តាម​ទីផ្សារ​

188

តំណាងអង្គការ អ៊ីកូ (ICCO) នៅកម្ពុជា បានថ្លែងឲ្យដឹងថា បញ្ហាបន្លែសុវត្ថិភាព គឺជាកង្វល់ដ៏ធំមួយរបស់អ្នកប្រើប្រាស់ ក្នុងនោះ មានប្រជាជនកម្ពុជាប្រមាណ៩៥% ព្រួយបារម្ភអំពីកម្រិតជាតិគីមីនៅក្នុងបន្លែ រាប់ទាំងបណ្តាបន្លែដែលផលិតនៅក្នុងស្រុក និងបន្លែដែលនាំចូលពីប្រទេសជាតិខាង។

ភ្នំពេញ៖ លោក លាងសេងហ៊ន តំណាងអង្គការសហប្រតិបត្តិការអន្តរជាតិ ដើម្បីការអភិវឌ្ឍ (ICCO) នៅកម្ពុជា បាន លើកឡើង នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីការលើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ាវី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នេះថា តាមការសិក្សាស្រាវជ្រាវ របស់អង្គការសហប្រតិបត្តិការអន្តរជាតិ ដើម្បីការអភិវឌ្ឍ (អេកូ) បានបង្កាញថា មានចំនួន នៃអ្នកប្រើប្រាស់ ៩៥% កំពុងព្រួយបារម្ភ អំពីកម្រិតជាតិគីមីនៅក្នុងបន្លែ រាប់ទាំងបណ្តាបន្លែដែលផលិតនៅក្នុងស្រុក និងបន្លែដែលនាំចូលពីប្រទេសជាតិខាងផងដែរ។

ឯកឧត្តម ហ៊ាន វណ្ណហ៊ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងលើកឡើងថា ការចុះពិនិត្យបន្លែសុវត្ថិភាព ឬសារធាតុគីមីផ្សេងៗ គឺជាដែនសមត្ថកិច្ចរបស់កាំកុងត្រូល។

សម្រាប់ការចុះត្រួតពិនិត្យមកដល់ពេលនេះ ឯកឧត្តមពុំទាន់បានឃើញថា នៅក្នុងប្រទេសកម្ពុជាមានតួរលេខ ឬរបាយការណ៍ណាមួយយកមកប្រើប្រាស់បាននៅឡើយ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថកិច្ចកាំកុងត្រូល បាននិងកំពុងបន្តការចុះត្រួតពិនិត្យ បញ្ហាបន្លែ ផ្លែឈើ នៅតាមទីផ្សារ ជាបណ្តើរៗផងដែរ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការលើកកម្ពស់បន្លែសុវត្ថិភាពបង្ហាញថាបរិមាណបន្លៃ ដែលកំពុងផ្គត់ផ្គង់ ប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា គឺមានចំនួន០.៩លានតោន ក្នុងនោះសម្រាប់បរិមាណបន្លែដែលផ្គត់ផ្គង់ក្នុងស្រុកមាន ត្រឹមតែ៤៤%តែប៉ុណ្ណោះ ខណៈដែលការនាំចូលរហូតដល់៥៦%

ចំណែកការសិក្សាដោយឡែកមួយទៀត ក៏បាន បង្ហាញឲ្យដឹងផងដែរថា បរិមាណបន្លែដែលកំពុងផ្គង់ផ្គង់មកពីបណ្ដាប្រទេសជិតខាង មកកាន់ទីក្រុងភ្នំពេញ គឺមានរហូតដល់២០០ ទៅ៣០០តោន ក្នុងមួយខែៗផងដែរ៕