អ្នក​វិនិយោគ​ខ្មែរ ចិន​វិនិយោគ​លើ​ខុន​ដូ​តម្លៃ​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​

127

ក្រុមហ៊ុនខ្មែរ Parkway Investment Co., Ltd និងក្រុមហ៊ុនចិន Nantong City Daxin Engineering (Cambodia) Co., Ltd សហការគ្នាដើម្បីបង្កើតស្ថាបត្យកម្មខ្មែរលាយចម្រុះគ្នា សាងសង់ខុនដូមានលក្ខណៈទំនើបលើកដំបូង ដែលសាងសង់ក្នុងតម្លៃប្រមាណជាង១០០លានដុល្លារអាមេរិក ។

ភ្នំពេញ៖ លោកសួ សុខថេង នាយកប្រតិបត្តិក្រុមហ៊ុន Parkway Investment Co., Ltd បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីគំរោងខុនដូឈ្មោះ The Parkway នៅព្រឹកថ្ងៃទី២១ ខែមេសានេះថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចចិត្តចាប់ផ្តើមចូលរួមដាក់បោះរួមជាមួយក្រុមហ៊ុនចិនមួយ ដើម្បីសាងសង់គម្រោងខុនដូ ដែលមានលក្ខណៈប្លែកគេរបស់កម្ពុជា។

គំរោងខុនដូនេះនឹងសាងសង់នៅតាមបណ្តោយផ្លូវ២៧៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លោកថា ការជ្រើសរើសយកទីតាំងខាងលើនេះ ដោយខណ្ឌទួលគោកកំពុងតែមានការវិវឌ្ឍជឿនលឿនខ្លាំងមួយ នៅក្នុងចំណោមតំបន់សំខាន់ៗ នៃរាជធានីភ្នំពេញ ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ។

លោក សួ សុខថេង បានបញ្ជាក់ថា ខុនដូមួយនេះបានចាប់ផ្តើមបុកគ្រឹះកាលពីថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៦កន្លងទៅ និងបញ្ចប់ការបុកគ្រឹះនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ។ ទំហំទីធ្លា កំពុងសាងសង់មាន១ម៉ឺន៧ពាន់ម៉ែត្រការ៉េ មានកំពស់១២០ម៉ែត្រ សាងសង់អគារចំនួនបី។

អគារទីមួយនៃគម្រោងនេះមាន២៩ជាន់ អគារទីពីរមាន២៥ជាន់ និងអគារទីបី មាន៣៥ជាន់ សរុបមកអគារទាំងមូលមានផ្ទះសរុបចំនួន១៥០០យូនីត និងផ្ទះនិមួយៗមានទំហំចាប់ពី៤៥ម៉ែត្រការ៉េ រហូតដល់១៣៥ម៉ែត្រការ៉េ។ គំរោងនេះ នឹងឈានទៅបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខ។

លោកម៉ា ហើជីន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនNantong City Daxin Engineering (Cambodia) Co., Ltd មានប្រសាសន៍ថា ការវិនិយោគលើខុនដូនេះ មិនមែនជាការវិនិយោគរយៈពេលខ្លីឡើយ ប៉ុន្តែនេះជាការវិនិយោគរយៈពេលវែង ព្រមទាំងមានគម្រោងផ្តោតទៅលើអ្នកដែលមានជីវភាពកម្រិតមធ្យម ដែលកំពុងមានការកើនឡើង ហើយប្រាក់ចំណូលរបស់ពួកគេក៏មានការកើនឡើងផងដែរ ដែលធ្វើឲ្យជីវភាពរស់នៅមានភាពប្រសើរឡើងច្រើន។

លោកជឿជាក់ថា ការកើនឡើងចំនួនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជ្រើសរើសការរស់នៅជិតកណ្តាលទីក្រុង អាចធ្វើឲ្យកាត់បន្ថយពេលវេលាក្នុងការកកស្ទះចរាចរណ៍ពេលធ្វើដំណើរ ទៅនិងមកពីកន្លែងធ្វើការងាររបស់ខ្លួន។

លោក បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនមកពីប្រទេសចិន ដែលមានឯកទេសខាងវិស្វកម្ម ដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៤ រយៈពេលជាង៤០ឆ្នាំមកនេះ។

ក្រុមហ៊ុនបានអភិវឌ្ឍន៍វិស័យអចលនទ្រព្យ វិស័យដឹកជញ្ជូន អាហារ និងសាងសង់អគារទំនើបនៅទីក្រុងប៉េកាំង សៀងហៃ និងទីក្រុងផ្សេងទៀតនៃប្រទេសចិន ព្រមទាំងទទួលបានពានរង្វាន់ឆ្នើមជាច្រើន ជាពិសេសក្រុមហ៊ុនមានចក្ខុវិស័យ ធ្វើយ៉ាងឲ្យការវិនិយោគទាំងអស់នោះ ទទួលបាននូវបរិស្ថានបៃតង៕