៣​ខែ ឆ្នាំ​២០១៧ កាំកុងត្រូល រកឃើញ​ទំនិញ​ខូចគុណភាព​និង​កំទេចចោល​ជាង ១២​តោន​

70

ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា បាន រកឃើញទំនិញខូចគុណភាព និងត្រូវបានរឹបអូសយកទៅកម្ទេចចោលមានចំនួនសរុបជាង ១២តោន។

ភ្នំពេញ៖ យោងតាមរបាយការណ៍សកម្មភាពទប់ស្កាត់ទំនិញខូចគុណភាពឆ្នាំ២០១៦ និងរយៈពេល ៣ខែ ២០១៧ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលទូរទស្សន៍ព័តមាន ប៊ីធីវី ទទួលបាននៅព្រឹកថ្ងៃទី២១ មេសា ឆ្នាំ២០១៧ នេះ បានឲ្យដឹងទៀតថា ក្នុងនោះ តាមច្រកព្រំដែន និងតាមទីផ្សារនិងសិប្បកម្ម មន្ត្រីកាំកុងត្រូលរកឃើញ និង រឹបអូសផលិតផលម្ហូបអាហារ មានដូចជា សាច់មាន់ កម្ទេចនំ បន្លែ ភេសជ្ជៈ សរសៃមី និងអាហារកំប៉ុង។ល។ ដោយឡែក ផលិតផលមិនមែនជាអាហារ រួមមាន ឡេលាបស្បែក និងថ្នាំដុសធ្មេញជាដើម។

ប្រភពដដែល បញ្ជាក់បន្ថែមថា ចំពោះការវិភាគគុណភាពទំនិញ គិតមកដល់ពេលនេះសកម្មភាពរបស់ រថយន្តពិសោធន៍ចល័តធ្វើបាន ១៦លើក នៅ ១២ រាជធានីខេត្ត ហើយបានវិភាគផលិតផលចំនួន ១,១២៧គំរូ រកឃើញផលិតផលចំនួន ៧៣គំរូ មានសារធាតុគីមីហាមឃាត់ ក្នុងនោះ ត្រួតពិនិត្យនៅច្រកព្រំដែន វិភាគបាន ៤៥០គំរូ រកឃើញសំណល់ថ្នាំសំលាប់សត្វល្អិត (OP) នៅលើបន្លែស្លឹកនិងផ្កាគូឆាយ ស្លឹកនិងផ្កាខ្ទឹម ខ្ទឹមស សាឡាត់។ល។ ចំនួន ២៦គំរូ។ ចំណែកត្រួតពិនិត្យនៅទីផ្សារ វិភាគបាន ៦៧៧គំរូ រកឃើញវត្តមានសារធាតុគីមី ហាមឃាត់ចំនួន ៤៧គំរូ។

គួររម្លឹកថា នាពេលកន្លងមក មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានអះអាងថា ក្រុមការងារកាំកុងត្រូល នឹងបន្តធ្វើកិច្ចការងារនេះដោយប្រុងប្រយ័ត្ន និងម៉ត់ចត់បំផុត ពោលគឺមិនអនុញ្ញាតដាច់ខាតឲ្យអាជីវករ ឬអ្នករកទទួលទាន ពិសេសពាក់ព័ន្ធទៅនឹងចំណីម្ហូបអាហារខូចគុណភាព ដែលមានហានិភ័យនាំចូលមក កម្ពុជា គឺក្រុមការងារប្តេជ្ញាចិត្តនិងធ្វើកិច្ចការងារនេះឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋទាំងមូល៕