មនុស្ស​ ៣​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​ក្នុង​​ការ​​ប៉ះ​ទង្គិច​រវាង​​ក្រុម​បាតុករ​ជាមួយ​កង​កម្លាំង​នគរបាល​​​នៅ​ទីក្រុង​ការ៉ាកាស់​​

57

វេណេស៊ុយអេឡា៖ កាលថ្ងៃព្រហស្បត្តិ៍កន្លងទៅក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខវេណេស៊ុយអេឡានៅទូទាំងទីក្រុងការ៉ាកាស់ ស្របពេលដែលមានរលកថ្មីនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

S2អំពើហិង្សាបានផ្ទុះឡើងនៅថ្ងៃទី២ នៃភាពរំជើបរំជួលនៅក្នុងរដ្ឋធានីរបស់ប្រទេសវេណេស៊ុយអេឡាមួយនេះ។ ក្រុមបាតុករបានជួបជុំគ្នាកាលពីថ្ងៃព្រហស្បត្តិ៍នៅជុំវិញទីក្រុងការ៉ាកាស់ ដើម្បីព្យាយាមធ្វើដំណើរទៅកាន់ការិយាល័យអង្គការសិទ្ធិមនុស្ស ដើម្បីស្នើសុំឲ្យប្រធានការិយាល័យគាំទ្រការផ្តួចផ្តើមរបស់សភា គ្រប់គ្រងដោយក្រុមប្រឆាំងដកតំណែងមន្ត្រីយុត្តិធម៌ ៧រូបនៅតុលាការកំពូល។ ក្រុមតំណាងរាស្ត្របានចោទប្រកាន់មន្ត្រីយុត្តិធម៌ ៧រូបនោះថាប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនគរបាលបានវាយបំបែកហ្វូងបាតុករជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ។ មាននូវការប៉ះទង្គិចគ្នាជាកន្លែងទៀតនៅទូទាំងរដ្ឋធានីការ៉ាកាស់ ដែលរួមមានទាំងនៅតាមផ្លូវហាយវ៉េ Francisco Fajardo ដែលជាផ្លូវសំខាន់ចូលទៅកាន់ស្ថានីយរថភ្លើងក្រោមដីផងដែរ៕

អត្ថបទ៖ សារ៉ាត់