ទាហាន​យ៉ាង​ហោច ​៥០​នាក់​ស្លាប់​អំឡុង​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់​លើ​មូលដ្ឋាន​កង​ទ័ព​នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន

191

អាហ្វហ្គានីស្ថាន៖ ក្រុមមន្ត្រីយោធាបានអះអាងថា យ៉ាងហោចទាហាន ៥០នាក់ត្រូវបានសម្លាប់ អំឡុងការវាយប្រហារមួយដោយក្រុមជីវពលបះបោរតាលីបង់ លើមូលដ្ឋានយោធាមួយកន្លែងស្ថិតនៅខេត្តភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ។

S9សេចក្ដីរាយការណ៍បានឲ្យដឹងថា ចំនួនអ្នកគ្រោះថ្នាក់អាចនឹងកើនឡើងច្រើនជាងនេះទៀត។ យោធាបាននិយាយថា ការវាយប្រហារកាលពីថ្ងៃសុក្របានកើតឡើងនៅជិតវិហា ដែលនៅក្បែរនឹងមូលដ្ឋានកងទ័ពស្ថិតក្នុងទីក្រុងម៉ាហ្សាអេសារីហ្វ។ ក្រុមឧទ្ទាមតាលីបង់បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ពួកគេជាអ្នកឈរនៅពីក្រោយការវាយប្រហារលើកនេះ។ អ្នកនាំពាក្យយោធាបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានស្លៀកពាក់ឯកសណ្ឋានយោធា និងបើករថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមុនពេលបើកការវាយឆ្មក់។ មេបញ្ជាការកងទ័ពម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការផ្ទុះអាវុធដែលបានកើតឡើងនៅក្នុងមូលដ្ឋានកងទ័ពបានបន្លឺឡើងកាលពីថ្ងៃសុក្រ ហើយជនបំផ្ទុះគ្រាប់បែកម្នាក់ក្នុងចំណោមក្រុមសកម្មប្រយុទ្ធទាំងនោះបានបំផ្ទុះសម្លាប់ខ្លួនឯង។

លោក ចន ថូម៉ាស់ អ្នកនាំពាក្យយោធាបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារកាលពីថ្ងៃសុក្រគឺជាការប្រហារទ្រង់ទ្រាយធំ ដែលបណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់ជាង ៥០នាក់។ លោកបន្តថា ការវាយប្រហារនេះធ្វើឡើងនៅកណ្ដាលបន្ទាយជុំវិញវិហា និងកន្លែងទទួលទានអាហារក្នុងបន្ទាយ។ សូមបញ្ជាក់ថា មូលដ្ឋានយោធានៅក្នុងទីក្រុងម៉ាហ្សាអេសារីហ្វ គឺជាបន្ទាយរបស់កងពលលេខ២០៩ នៃកងទ័ពជាតិអាហ្វហ្គានីស្ថាន និងជាទីតាំងផ្ដល់សន្តិសុខជូនពលរដ្ឋនៅតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន ដែលក្នុងនោះរួមមានទាំងខេត្តគុនឌូសផងដែរ៕
អត្ថបទ៖ សារ៉ាត់