តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​នៅ​ពេល​ខាងមុខនេះ​

226

កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងគិតគូរអភិវឌ្ឍតំបន់ទឹកធ្លាក់មួយកន្លែងក្នុងស្រុកទឹកផុស ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីផ្តល់ជាកន្លែងកម្សាន្តដ៏ត្រជាក់ដល់ទេសចរជាតិអន្តរជាតិ។

តំបន់ទឹកធ្លាក់ស្រែអំពិល នៅជាប់ជើងភ្នំឱរាល់ ក្នុងភូមិក្តុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទឹកជ្រោះហូរធ្លាក់ពីលើចង្កេះភ្នំ ហូរតាមជ្រលងជើងភ្នំរាប់គីឡូម៉ែត្រ គ្របដណ្តប់ដោយម្លប់ឈើព្រៃភ្នំដ៏ត្រជាក់ចិត្ត ដែលពេលនេះអាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្ត កំពុងសិក្សាបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត នៅពេលខាងមុខនេះ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់កាលពីម្សិលម៉ិញ ថ្ងៃទី២៣ ខែមេសា នេះថា តំបន់ទឹកធ្លាក់ស្រែអំពិល ដែលឋិតនៅភាគខាងលិចទីរួមខេត្តកំពង់ឆ្នាំង មានចម្ងាយ ប្រមាណ៦៤គីឡូម៉ែត្រ ពីរួមខេត្ត។ នៅក្នុងតំបន់នេះ មានទឹកធ្លាក់ជាច្រើនកន្លែង និងមានទឹកហូរតាមជ្រោះរាប់គីឡូម៉ែត្រ ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ និងជាកន្លែងមុជទឹកកម្សាន្តយ៉ាងសប្បាយរីករាយ។

បច្ចុប្បន្ន នៅតំបន់នេះ ក្នុងរដូវប្រាំង ពុំមានទឹកច្រើនសម្រាប់លេងកម្សាន្តនោះទេ ដោយសារតែសហគមន៍ទេសចរណ៍ទឹកធ្លាក់ភ្នំយោក ខេត្តពោធិ៍សាត់ បានបិទទំនប់នៅព្រំប្រទល់លើភ្នំ ប៉ុន្តែនៅពេលខេត្តកំពង់ឆ្នាំង បង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលបាន នឹងមានការសម្របសម្រួលបើកទឹកទំនប់ខាងលើនេះ ដើម្បីអាចធ្វើឲ្យតំបន់ទឹកធ្លាក់ស្រែអំពិល មានទឹកច្រើនមុជលេងកម្សាន្តបានទាំងខែប្រាំង និងខែវស្សា។

លោក សេង សាលី បានបញ្ជាក់ទៀតថា ដោយសារតំបន់ខាងលើនេះ មានសក្តានុពលលើវិស័យទេស ចរណ៍ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋរកចំណូលលើកស្ទួយជីវភាពរស់នៅបាន ថ្មីៗនេះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានឯកភាពឲ្យក្រុមការងារចម្រុះខេត្ត ចុះសិក្សាគម្រោង អភិវឌ្ឍន៍តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលនេះ។ ជំហានទី១ ក្រុមការងារ បានចុះវាស់ដីក្នុងតំបន់ខាងលើនេះ មានទំហំ៣៦០ហិកតា ដើម្បីស្នើសុំទៅថ្នាក់លើឆ្វៀលចេញពីដែនជំរកសត្វព្រៃភ្នំឱរាល់ បង្កើតជាតំបន់ទេសចរណ៍។ ជំហាន២ មន្ទីរទេសចរណ៍ខេត្ត នឹងសិក្សារកដៃគូវិនិយោគ សហការជាមួយសហគមន៍ទេសចរណ៍នៅក្នុងមូលដ្ឋាន។

ដោយឡែកចំពោះផ្លូវធ្វើដំណើរទៅកាន់តំបន់ទឹកធ្លាក់ស្រែអំពិលវិញ លោក សេង សាលី បានឲ្យដឹងថា សព្វថ្ងៃនេះ រថយន្តខ្ពស់ៗ អាចធ្វើដំណើរទៅលេងបាន ប៉ុន្តែនៅមានការលំបាកដោយអន្លើៗ ប្រមាណ៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ ចំណែកផ្លូវប្រវែង១៤គីឡូម៉ែត្រ ចេញពីផ្សារក្តុលទៅដល់ទឹកធ្លាក់ស្រែអំពិល ពេលខាងមុខនេះ ក្រោយពីមានការឯកភាពពីថ្នាក់ លើមន្ទីរសាធារណការខេត្ត នឹងកសាងហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលមានបំណងទៅលេងកម្សាន្តក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលនេះ៕

khnang2 khnang1 khnang