កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​ទី​២៦

97

ប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអាស៊ានលើក ទី២៦ ដែលនឹងប្រារព្ធធ្វើរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់២៧ មេសាខាងមុខនេះ នៅទីក្រុងសៀមរាប។

ភ្នំពេញ៖ ប្រធានបទជាច្រើន ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះដូចជា វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ និងការងារសមាហរណកម្មគយអាស៊ាន របស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារអនុវត្តច្បាប់គយនិងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ ត្រូវបានដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយ អាស៊ានលើកទី២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដម គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដែលមានការចូលរួមពីរដ្ឋបាលគយអាស៊ានទាំង១០និងរដ្ឋបាលគយ ចិន រដ្ឋបាលគយជប៉ុន រដ្ឋបាលគយកូរ៉េ រដ្ឋបាលគយអូស្ត្រាលី ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានអាមេរិក និងក្រុម ប្រឹក្សាពាណិជ្ជកម្មអាស៊ានអឺរ៉ុប។

លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានិងជាប្រធានកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ាន បានថ្លែងឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍគយ និងការងារសមាហរណកម្មគយអាស៊ាន របស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។

ឯកឧត្ដម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (១៩៦៧២០១៧) និងបានលើកឡើងពីជោគជ័យរបស់ប្រទេស អាស៊ាន ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្ដមភាពប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងភាពជោគជ័យរបស់អាស៊ាននេះ។

ឯកឧត្ដម ក៏បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលគយអាស៊ាន បានចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកទឹកចិត្តឲ្យកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ាន បន្ដខិតខំអនុវត្តផែនការអភិវឌ្ឍគយសមាហរណកម្មគយអាស៊ាន ដើម្បីសម្រេចគោលដៅរបស់ប្រមុខរដ្ឋាភិបាលអាស៊ានដែលបានកំណត់។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋបាលគយកម្ពុជា ចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៧ កិច្ចប្រជុំអគ្គនាយកគយអាស៊ាន បានសម្រេចសមិទ្ធផលជាច្រើនរួមមាន ការបញ្ចប់តារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧, ការចុះហត្ថលេខាលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ ដោយ រដ្ឋមន្ត្រី ហិរញ្ញវត្ថុអាស៊ាន, ការអនុម័តលើផែនការគោលដៅទូលំទូលាយរបស់រដ្ឋបាលគយអាស៊ានឆ្នាំ២០១៦២០២៥, ការបញ្ចប់ការអភិវឌ្ឍសូចនាករគន្លឹះសម្រាប់អនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រ ដែលជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ានជាដើម៕