ទីក្រុង​ព្យុងយ៉ាង​ថ្កោលទោស​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ការ​បើក​កិច្ច​ប្រជុំ​ពិសេស​របស់ UN​ ស្ដីពី​បញ្ហា​របស់​កូរ៉េខាងជើង​

291

កូរ៉េខាងជើង៖ កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ក្រោយក្រសួងការបរទេសនៅក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោករដ្ឋមន្ត្រី រ៉េក ធីលឺសុន នឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពិសេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើបញ្ហារបស់កូរ៉េខាងជើងនាថ្ងៃសុក្រខាងមុខនេះ។

 

លោក ធីលឺសុន ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជីម ម៉ាទីស, ប្រធានក្រុមចារកម្មជាតិលោក ឌែន ខូត និងលោក ចូសេហ្វ ឌុនហ្វ័ដ គឺជានាយអគ្គសេនាធិការកងទ័ពអាមេរិកនឹងចូលរួមកិច្ចប្រជុំដ៏កម្រមួយ សម្រាប់ព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងមូលស្ដីពីបញ្ហារបស់កូរ៉េខាងជើងនាថ្ងៃពុធនេះ។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បាននិយាយថា កិច្ចប្រជុំទាំងនេះដែលរៀបចំឡើងដោយក្រុមមន្ត្រីសហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសំពាធរបស់អាមេរិក ដែលអាចបញ្ឆេះដុំសង្គ្រាមនៅតំបន់ឧបទ្វីបកូរ៉េ។

 
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងមុន របស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើងដោយលោកបានលើកឡើងថា វាគឺការគំរាមកំហែងសកល និងជាបញ្ហាដែលយើងត្រូវដោះស្រាយ៕
អត្ថបទ៖ សារ៉ាត់