ម្ចាស់​មេដាយ​មាស​ពិភពលោក អ៊ុក ស្រីមុំ បង្ហាញ​ក្ដី​បារម្ភ​ស្វែងរក​មេដាយ​នៅ​ស៊ី​ហ្គេម​

118

ប៉េតង់៖ បើទោះបីដណ្ដើមបានជោគជ័យយ៉ាងធំធេងជូនជាតិ ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកនៅប៊ែលហ្ស៊ិកកាលពីពេលថ្មីៗកន្លងទៅក៏ពិតមែន ប៉ុន្តែវរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ ហាក់មានក្ដីកង្វល់ខ្លាំងក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាខែសីហាខាងមុខ ពិសេសគឺព្រួយបារម្ភលើការស្វែងរកមេដាយពីព្រឹត្តិការណ៍កីឡាតំបន់នេះតែម្ដង។

 

ថ្លែងក្នុងពិធីដំឡើងឋានន្តរសក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីកាលពីពេលថ្មីៗកន្លងទៅអ្នកស្រី អ៊ុក ស្រីមុំ បាននិយាយថា ចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ គឺខុសពីការប្រកួតជើងឯកពិភពលោកកាលពីថ្ងៃមុន ដោយស៊ីហ្គេមខ្លួនត្រូវប្រកួតលើវិញ្ញាសាវាយគូ រីឯការដណ្ដើមបានមេដាយមាសពិភពលោកថ្ងៃមុនគឺលើវិញ្ញាសាវាយឯកត្តជននារី។ ដូច្នេះវាមានភាពខុសគ្នាច្រើនរវាងវិញ្ញាសាទាំងពីរនេះ ហើយឱកាសស្វែងរកមេដាយក៏អាចនឹងពិបាកដែរ។ ប៉ុន្តែអ្នកស្រីបានប្ដេជ្ញាចិត្តថានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីមុខមាត់ប្រទេសជាតិ។ សូមរំឮកថា ការបង្ហាញវត្តមាន ២លើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ គឺដណ្ដើមបានមេដាយរហូតលើវិញ្ញាសាវាយគូ តែពុំធ្លាប់ឈ្នះបានមេដាយមាសឡើយ ដែលក្នុងនោះស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយកីឡាករ ឌុច សោភ័ណ្ឌ ឈ្នះមេដាយប្រាក់ក្រោយប្រកួតចាញ់ក្រុមកីឡាប៉េតង់ថៃ។

 

ចំណែកស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរីកីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយអតីតម្ចាស់មេដាយមាសពិភពលោកអ្នកស្រី កែ ឡេង ប្រកួតចាញ់ក្រុមថៃដដែល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ៕

អត្ថបទ លី ឈុនឡា