ក្រុមការងារ​ថ្នាក់ជាតិ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​

88

ស្វាយរៀង ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ បានខិតជិតមកដល់ហើយ។ ប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលខ្លួនពេញចិត្ត ដើម្បីបន្តអភិវឌ្ឍភូមិឃុំរបស់ខ្លួន។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារងារថ្នាក់ជាតិ ចុះជួយស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ ត្រូវត្រៀមគ្រប់មធ្យោបាយ និងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលខ្លួនពេញចិត្ត និងផ្ដល់ក្តីទុកចិត្តជូនដល់ពួកគាត់បន្តដឹកនាំការពារ និងអភិវឌ្ឍភូមិឃុំ។

ការអំពាវនាវរបស់ ឯកឧត្តម បានធ្វើឡើងកាលពីម្សិលម៉ិញ ក្នុងពិធីប្រគល់ស្ពានបេតុង១ខ្សែ និងសំណេះសំណាលស្វែងរកសេវាតម្រូវការ ជាមួយនឹងប្រជាពលរដ្ឋជាង១ពាន់នាក់ នៅឃុំ ក្រោលគោ ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០១ ខែឧសភា ម្សិលមិញនេះ។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ មកដល់បច្ចុប្បន្ន ដោយសារគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើរលើផ្លូវត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះ ប្រជាពលរដ្ឋ ត្រូវបន្តរួមថែរក្សា សន្តិភាពឲ្យបានអង្វែង តាមរយៈការសម្រេចចិត្តផ្តល់សេចក្តីទុកចិត្តដល់អ្នកដែលខ្លួនពេញចិត្ត តាមរយៈសន្លឹកឆ្នោត។

ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឯកឧត្តម បានជំរុញដល់ក្រុមប្រឹក្សាក្នុងតំណែងត្រូវរួមដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋដែលប្រឈម នឹងជីវភាពរស់នៅ ផ្តល់សេវាតម្រូវការ និង សេវាបម្រើដោយសមធម៌ និងរួមដឹកនាំការពារសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្ស។អប់រំប្រជាពលរដ្ឋ ពិសេស យុវជន បញ្ចៀសការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋឲ្យចេះគោរពច្បាប់ចរាចរណ៍ សំដៅបញ្ចៀសគ្រោះថ្នាក់តាមពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកភូមិឃុំគ្មានគ្រោះថ្នាក់ចរាចរណ៍៕

py run py run1