ទេសរដ្ឋមន្ត្រី​ បែន​ ស៊ីម៉ន ​៖ ​បច្ចុប្បន្ន​ពិភពលោក​កំពុង​សិក្សា​ដើម្បី​កែ​ទម្លាប់​ខ្ជះខ្ជាយ​របស់​អ្នកមាន

101

កំពត ៖ មន្ត្រីទីប្រឹក្សាសម្តេចតេជោ ថ្លែងថា ពិភពលោក កំពុងតែស្រាវជ្រាវ រកវិញទប់ស្កាត់ និងកែទម្លាប់ខ្ជះខ្ជាយរបស់អ្នកមាន យកមកជួយដល់អ្នកក្រ។

លោក ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់ នាយករដ្ឋមន្ត្រី និងជាតំណាង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ ឧសភា ក្រោមប្រធានបទ«កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» បានថ្លែងថា សព្វថ្ងៃពិភពលោកកំពុងតែសិក្សាស្រាវជ្រាវ រកវិធីកែទម្លាប់របស់អ្នកមាននៅក្នុងការបរិភោគ និងចាយវាយសម្រាប់ទុកជួយដល់អ្នកក្រដែលកំពុងតែដាច់ពោះស្លាប់។

លោក បន្តថា នៅប្រទេសអាមេរិកគ្រាន់តែគេហូបនំប៉័ងចោលកន្ទុយបន្តិចបន្តួច នៅនឹងចាន ក៏អាចចិញ្ចឹមមនុស្សបានរាប់លាន់នាក់ ព្រោះក្នុងមួយឆ្នាំ នំប៉័ង និងសាច់គោដែលនៅសល់នោះ មានចំនួន៤៣លានតោនឯណោះ។ ចំណែកឯប្រទេសអង់គ្លេសឯនោះវិញស្នើនឹង៤លានតោនក្នុងមួយឆ្នាំ។ នេះបើតាមទិន្នន័យនៅក្នុងឆ្នាំ២០១៦កន្លងទៅ។ ដូច្នេះបើនិយាយអំពីចំណីអាហារដែលនៅសល់ចោលដាក់ក្នុងធុងសំរាមតែម្តងក្នុងមួយឆ្នាំប្រហាក់ប្រហែល១០០លានតោន គឺអាចចិញ្ចឹមមនុស្ស១ពាន់លាននាក់ នៅលើផែនដីបានដោយងាយ។

លោក បានសង្កត់ធ្ងន់ថា ទំហំនៃកិច្ចការងាររបស់កាកបាទក្រហមធំធេងណាស់ ដែលបច្ចុប្បន្ននេះគ្រាន់តែការដឹកជញ្ជូនស្បៀងអាហារយឺតយ៉ាវតែបន្តិច បានធ្វើឲ្យមនុស្សជិត១០០លាននាក់ស្លាប់នៅទ្វីបអាព្រិកក្នុងឆ្នាំ២០១៧នេះ គឺរៀងរាល់១០នាទី មានមនុស្សស្លាប់ដោយអត់អាហារម្នាក់ ក្នុងនោះមាន ប្រទេសស៊ូដង់ យែម៉េន និងប្រទេសអាហ្វិច កណ្តាលជាដើម។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចេះចូលរួមចែករំលែក ក៏ដូចជាជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ឲ្យបានកាន់តែច្រើន ដោយកាត់ បន្ថយការ ចំណាយខ្ជះខ្ជាយបន្តិចបន្តួចរបស់យើងគ្រប់ៗគ្នា។

នៅក្នុងឆ្នាំ២០១៧នេះសាខាកាកបាទក្រហមប្រចាំនៅខេត្តកំពត ប្រមូលថវិកាពីសម្បុរសជនសរុបទាំងអស់បានចំនួនជាង២១ម៉ឺនដុល្លារ ដើម្បីទុកជួយសង្គ្រោះដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងខេត្តកំពត៕

 

men sibon1 men sibon3 men sibon4 men sibon men sibon2