ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ​ ពិន័យ​១០​លាន​រៀល​ ដល់​ឈ្មួញ​​​នាំ​ជ្រូក​​ពី​វៀតណាម​ ក្រោយ​​ពិនិត្យ​មិន​មាន​ជំងឺឆ្លង

178

បន្ទាយមានជ័យ ៖ ពេទ្យសត្វខេត្តបន្ទាយមានជ័យ បានធ្វើការផាកពិន័យចំនួន១០ លានរៀលដល់ម្ចាស់សត្វជ្រូកចំនួន៤០ក្បាល ដែលនាំចូលពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាត បន្ទាប់ពីឃាត់យកសំណាកទៅវិភាពមិនមានជំងឺឆ្លង (ជម្ងឺប៉េស្ត ជម្ងឺជ្រូកត្រចៀកខៀវ)

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា សត្វជ្រូកសាច់ចំនួន៤០ក្បាល ដឹកតាមរថយន្ត១គ្រឿងម៉ាកហ៊ីយាន់ដាយ កង៦ ពាក់ស្លាកលេខកំពង់ចាម ៣A១៤៩១ បើកបរដោយឈ្មោះ ព្រំ គង់ ភេទប្រុស លំនៅភូមិស្អំ ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម ដែលសមត្ថកិច្ចជំនាញរបស់លោក ឃាត់យកមករក្សាទុក កាលពីថ្ងៃទី២៩ មេសា ២០១៧ និងបានយកសំណាកទៅវិភាគនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព សត្វ និងផលិតកម្មសត្វនៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ មេសា ឆ្នាំ ២០១៧ ត្រូវបានអោយម្ចាស់យកទៅធ្វើអាជីវកម្មវិញអស់ហើយនៅថ្ងៃទី២នេះ។

លោក ហ៊ុយ ទូច បន្ដថា ការដែលប្រគល់អោយម្ចាស់យកទៅវិញធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការវិភាគរកជំងឺឆ្លង(ចំនួនពីរគឺជម្ងឺប៉េស្ត ជម្ងឺជ្រូកត្រចៀកខៀវ ត្រូវបាននាយកដ្ឋានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វបានចេញលិខិត ចុះថ្ងៃទី២ ឧសភា ២០១៧ ជម្រាបជូនប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ដោយលទ្ធផលវិភាគរកមិនឃើញមានជំងឺទាំងពីរ និងបានពិន័យថ្លៃសេវាសុខភាព អនាម័យសត្វដូចមានចែងក្នុងច្បាប់ ចំនួន១០លានរៀល។

លោក បានបន្តទៀតថា លើកទីមួយពិន័យ១០លានរៀល តែបើមានលើកទី២ តាមច្បាប់ពិន័យ៣០លានរៀល ហើយលោកនៅតែបន្តស្រាវជ្រាវ និងទប់ស្កាត់ លើការចរាចរសត្វ និងការនាំចូលពីក្រៅប្រទេស ដើម្បីទប់ស្កាត់ហានិភ័យ ជំងឺឆ្លងសត្វ និងបង្វែរមកលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុករបស់ពលរដ្ឋកម្ពុជា ទៅតាមវិធានការក្តៅរបស់លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក៏ដូចលោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៕

photo_2017-05-03_13-44-54 photo_2017-05-03_13-44-52 photo_2017-05-03_13-44-53 (2) photo_2017-05-03_13-44-53