ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អប់រំ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តា​ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស

162

សៀមរាប ៖ នៅតាមបណ្តាខេត្តរបស់ប្រទេសកម្ពុជា ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យអប់រំសិក្សាធិការជាតិ កំពុងដំណើរការទទួលបានលទ្ធផលល្អប្រសើរ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

កាលពីក្នុងអំឡុងចុងត្រីមាសទី៣ ឆ្នាំ២០១៦ កន្លងទៅ នៅតាមបណ្តាខេត្តចំនួន២២ ក្នុងចំណោម២៥ ក្នុងប្រទេសកម្ពុជា ការដាក់ពង្រាយការដ្ឋាននៅតាមបណ្តាសាលារៀននានា ត្រូវបានចេញប្រតិបត្តិការ ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប។ ការដ្ឋានទាំងនោះ ឋិតនៅតាមបណ្តាគ្រឹះស្ថានសិក្សារបស់រដ្ឋនានា ចាប់ពីកម្រិតសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ រហូតដល់សាលាគរុកោសល្យខេត្ត មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ជាដើម។ល។

សរុប សមិទ្ធផលថ្មីនៃវិស័យអប់រំ ដែលត្រូវបានកំពុងដំណើរការស្ថាបនា ផ្តល់ការសាងសង់ដោយសម្តេចតេជោ គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០១៧នេះ មានចំនួន៣៦៧ខ្នង ស្មើនឹង ៤ពាន់៣៤៩បន្ទប់ រួមមាន អាគារសិក្សា ១៨២ខ្នង ស្មើនឹង ៣ពាន់៣៤៤បន្ទប់ អាគារទីចាត់ការបណ្ណាល័យអាគារថ្នាក់មត្តេយ្យមានចំនួន ១២៨ខ្នង ស្មើនឹង ៣៨៨បន្ទប់ និងអន្តេវាសិកដ្ឋានសម្រាប់គ្រូ និងសិស្ស ចំនួន ៥៧ខ្នង ស្មើនឹង៦២០បន្ទប់។ សំណង់ទាំងនោះ មានប្រភេទសំណង់មួយជាន់ មានចំនួន ១៥០ខ្នង ពីរជាន់មានចំនួន១២៧ខ្នង បីជាន់ ចំនួន៧១ខ្នង និងសំណង់ប្រភេទ បួនជាន់ ចំនួន១៩ខ្នង។

លោក ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានឲ្យដឹងយ៉ាងដូច្នេះ កាលពី ម្សិលម៉ិញ ថ្ងៃទី០២ ខែឧសភា នេះ ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់អាគារសិក្សានៅស្រុករវៀង និងស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក ខេង សុមេធ បានបន្តឲ្យដឹងថា ខេត្តព្រះវិហារ ទទួលបានការសាងសង់ចំនួន៤០អាគារស្មើនឹង៣៧៩បន្ទប់ មានជាអាគារសិក្សា ១៦ខ្នង ស្មើនឹង២៥៨បន្ទប់ អាគារទីចាត់ការ និងអាគារថ្នាក់ មត្តេយ្យ ១៧ខ្នង ស្មើនឹង ៥១បន្ទប់ និងបានទទួលការសាងសង់អាគារអន្តេវាសិកដ្ឋាន សម្រាប់គ្រូ និងសិស្ស ចំនួន៧ខ្នង ស្មើនឹង៧០បន្ទប់។

លោកបានបញ្ជាក់ នៅសល់តែខេត្តចំនួន៣ប៉ុណ្ណោះ ខេត្តកំពង់ស្ពឺ កំពត និងខេត្តកោះកុង ដែលមិនទាន់បានទទួលគម្រោងផ្តល់អំណោយសាងសង់អាគារសិក្សាថ្មីៗបន្ថែមទៀត។ ចាប់តាំងពីខែកក្កដា ឆ្នាំមុន មកទល់នឹងខែមេសា ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកមន្ត្រីរាជការ ពិសេសចូលជួបលោកគ្រូ អ្នកគ្រូ និងចៅៗ សិស្សានុសិស្ស តាមសាលានានា ដើម្បីស្វែងយល់ផ្ទាល់អំពីតម្រូវការចាំបាច់ ជំរុញឲ្យវិស័យអប់រំ ដំណើរការបានល្អស្របតាមបរិបទនៃមូលដ្ឋាន និងឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាល សាលារត់រកសិស្ស មិនមែនសិស្សស្វែងរកសាលានោះទេ៕

kheng sameth kheng sameth1 kheng sameth2 kheng sameth3