មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន ជំរុញ​បេក្ខ​នារី ឈរឈ្មោះ ​ក្រុមប្រឹក្សា​សង្កាត់ ​ចុះ ​ផ្សព្វផ្សាយ​គោល​នយោបាយ​បក្ស

152

ភ្នំពេញ ៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានសមាគមនារីសន្តិភាពដើម្បីអភិវឌ្ឍន៍ បានជម្រុញ បេក្ខនារី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្ត ទី៤ ឆ្នាំ២០១៧ អោយខិតខំបង្កើនសកម្មភាពចូលរួមក្នុងកិច្ចការនយោបាយចាប់ពីពេលនេះ អោយបានខ្លាំងក្លាដើម្បីឈ្នះឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។

លោកជំទាវ ម៉ែន សំអន សូមអោយបេក្ខនារី ឈរឈ្មោះបោះឆ្នោត ចុះដល់ខ្នងផ្ទះផ្សព្វផ្សាយគោលនយោបាយបក្ស និងខិតខំធ្វើអំពើល្អពង្រឹងសមត្ថភាពខ្លួនអោយប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់លើការដឹកនាំរបស់បេក្ខនារី។

ការជំរុញរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបេក្ខនារី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ មកពី១០៥សង្កាត់ទូទាំងរាជធានីភ្នំពេញ ដែលមានចំនួន៨០០នាក់ នារសៀលថ្ងៃទី៣ ឧសភា នៅទីស្នាក់ការគណបក្សប្រជាជនរាជធានី។

លោកជំទាវ លើកឡើងថា ១០ថ្ងៃទៀតប៉ុណ្ណោះ ពេលវេលាឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នឹងមកដល់ ។មានការងារជាច្រើនដែលបេក្ខនារី ឈរឈ្មោះត្រូវធ្វើដើម្បីប្រជាពលរដ្ឋបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនដែលជាគណបក្សធានាការពារគត់មត់នូវសុខសន្តិភាពសេរីភាពនិងការ អភិវឌ្ឍន៍ជឿនលឿន។

លោកជំទាវ លើកឡើងថា បេក្ខនារីឈរឈ្មោះក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ គណបក្សប្រជាជនត្រូវឃោសនាអោយប្រជាពលរដ្ឋយល់ច្បាស់ថា បោះឆ្នោតជូនគណបក្សប្រជាជនគឺជាកាបោះឆ្នោតជូនអ្នក សង្គ្រោះយើង ការពារយើងនិងជួយយើង។បោះឆ្នោតជូនគណបក្សប្រជាជនការពារបានរាល់សមិទ្ធផលសង្គមអោយស្ថិតស្ថេរគង់វង្ស៕