ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចាយ​ទុន ៨​លាន​ដុល្លារ​អាមេរិក​ទិញស្រូវ​ក្នុង​គម្រោង​«​កិច្ចសន្យា​កសិកម្ម​»

151

ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះAmru Rice Cambodia Co,ltd បានចាយទុន ៨លានដុល្លារអាមេរិកទិញស្រូវក្នុងគម្រោងកិច្ចសន្យាកសិកម្ម ក្នុងខេត្តចំនួន៣។

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Rice Cambodia Co,ltd បានថ្លែងឲ្យដឹងថា ចាប់តាំងពីខែ៨និងខែ ៩ខាងមុខនេះទៅ កសិករនឹងប្រមូលផលស្រូវ ដោយឡែកចំពោះក្រុមហ៊ុន បានដាក់ចេញគម្រោងទិញស្រូវពីកសិករចំនួន ៣ម៉ឺនតោន ដែលត្រៀមចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ ស្មើទឹកប្រាក់ ៨លានដុល្លារ ក្នុងគម្រោងកិច្ចសន្យាកសិកម្ម។

លោកឧកញ៉ាបន្តទៀតថា គម្រោងកិច្ចសន្យាកសិកម្មនេះផ្តោតលើខេត្ត៣ គឺខេត្តកំពង់ចាម ព្រះវិហារ និងខេត្តបាត់ដំបង ដើម្បីជួយទិញ និងរកទិញស្រូវកសិករ ដែលមានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Amru Rice Cambodia Co,ltd និងសហគមកសិករ មានតម្លៃថ្លៃជាងតម្លៃទីផ្សារតែម្តង។

លោកឧកញ៉ាបញ្ជាក់ទៀតថា នៅក្នុងកិច្ចសន្យាកសិកម្មក្រុមហ៊ុនបានសិក្សាជាមួយក្រុមហ៊ុន ដៃគូពាក់ព័ន្ធរឿងការជ្រើសរើសពូជ នឹងជម្រុញឲ្យកសិករចូលរួមការបណ្តុះបណ្តាលផ្សេងៗ មុនការដាំដុះ និងក្រោយការដាំដុះស្រូវ ប៉ុន្តែទន្ទឹមនោះកសិករខ្លួនឯងគួរតែមានប្រភពទុកបម្រុង ដើម្បីត្រៀមពេលមានបញ្ហាកើតឡើង។

សម្រាប់ លោក តាំង សុខឃី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍បានថ្លែងបញ្ជក់ថា កិច្ចសន្យាកសិកម្មពិតជាមានសារៈសំខាន់ណាស់ ហើយរឿងដែលល្អបំផុតកសិករគួរតែទៅរកអាជ្ញាធររបស់ខ្លួន និងអ្នកជំនាញនៃក្រសួងកសិកម្ម ដើម្បីដឹងថា ប្រភេទពូជណា ដែលត្រូវតាមទីផ្សារ និងបច្ចេកទេសទំនើបក្នុងការជួយបង្កើនផលិតភាពឲ្យខ្ពស់។

លោកបានលើកឡើងទៀតថា បើសិនជាកសិករចង់បានផលច្រើន ក្នុងវិស័យកសិកម្មបានល្អគួរតែស្វះស្វែងរកបច្ចេកទេសនៃការធ្វើកសិកម្ម និងរកទីផ្សារបន្ថែមទៀត ដើម្បីឲ្យការផលិតតម្រូវតាមទីផ្សារ។

កន្លងមក រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រើប្រាស់ថវិកាចំនួន ២០លានដុល្លារក្នុងគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងនៅក្នុងដំណាក់កាលទី១ សម្រាប់រយៈពេលបីឆ្នាំពីឆ្នាំ២០១៦២០១៨៕