ពិព័រណ៍​កាហ្វេ ​និង​ការ​ផ្តល់​សិទ្ធ​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​២០១៧​ជា​លើកដំបូង​

184

ប្រទេសកម្ពុជា បានរៀបចំពិព័រណ៍កាហ្វេ និងសិទ្ធនៃការទិញអាជ្ញាប័ណ្ណអាជីវកម្មជាលើកដំបូង ជំរុញឲ្យម្ចាស់អាជីវកម្ម និងអ្នកផ្គត់ផ្គង់ទាំងអស់ កាន់តែមានទំនុកចិត្ត និងជឿជាក់ទៅលើផលិតផលរបស់ខ្លួន។

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងប្រាប់អ្នកយកព័ត៌មានឲ្យដឹង បន្ទាប់ពីពិធីសម្ពោធពិព័រណ៍កាហ្វេ និងកម្មសិទ្ធអាជ្ញាប័ណ្ណកម្ពុជាឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថាក្នុងរយៈពេលចុងក្រោយនេះ ឧស្សាហកម្មកាហ្វេចាប់ផ្តើមរីកចម្រើនគួរឲ្យកត់សំគាល់ តាំងពីកម្ពុជាមិនទាន់មានការផលិតកម្ម និងចំការកាហ្វេ ប៉ុន្តែ ឥឡូវនេះ កម្ពុជាចាប់ផ្តើមផលិតបានកាហ្វេហើយ មានទាំងម៉ាកថែមទៀតដូចជានៅខេត្តមណ្ឌលគិរីជាដើម ដែលចាប់ផ្តើមមានការពេញនិយមនៅក្នុងទីផ្សារក្នុង និងក្រៅប្រទេស។

ឯកឧត្ដមបន្តថា កាហ្វេរបស់កម្ពុជា គឺជាកាហ្វេធម្មជាតិល្អ អញ្ចឹងបើកម្ពុជាមានសម្ភារៈ និងម៉ាស៊ីនគ្រប់គ្រាន់ដើម្បីចម្រាញ់យកទៅវេចខ្ចប់ឲ្យបានល្អនោះ កាហ្វេរបស់កម្ពុជាអាចនឹងអាចនាំចេញទៅឆ្ងាយ មិនមែនលក់ត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ គឺអាចចេញទៅក្រៅស្រុកច្រើន។

ដូចនេះ វិធីដែលអាចទិញសិទ្ធឬប្រេនឆាយមក គឺដើម្បីឲ្យកម្ពុជារៀនសូត្រពីការឆុងឲ្យឆ្ងាញ់ និង រចនាបថជាដើម ដើម្បីទាញអតិថិជនគាំទ្ររបស់បរទេស ហើយកម្ពុជាមានផលិតផលល្អ ដោយគ្រាន់តែច្នៃបន្តិចលើរសជាតិដូចជា កាហ្វេឡាតេ និងកាពូជីណូ។ល។ ដែលមានរសជាតិឆ្ងាញ់ជាងគេ ដែលកាហ្វេកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសកាន់តែច្រើន។

អ្នកគ្រប់គ្រងទូទៅនៃពិព័រណ៍កាហ្វេ និងកម្មសិទ្ធិអាជ្ញាប័ណ្ណកម្ពុជាឆ្នាំ២០១៧ លោក អេតវ៉ូត លីវ (Edward Liu) បានមានប្រសាសន៍ថា កម្ពុជាបានក្លាយទៅជាតំបន់មួយដែលគួរឲ្យទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ជាពិសេសទៅលើកាហ្វេ និងការទិញសិទ្ធិពីបរទេស។

លោកបន្តថា ជាមួយពិព៌ណនេះដែរក៏នឹងជួយឲ្យអ្នកលក់និងអ្នកទិញសិទ្ធិ (ប្រេនឆាយ) នៅកម្ពុជា ក៏ដូចជាអាស៊ានបានយល់ដឹងអំពី កំណើននៃការចេញអាជ្ញាប័ណ្ណរបស់សិទ្ធិនៅអាស៊ី និងឧស្សាហកម្មកាហ្វេនៅក្រោមដំបូលតែមួយ។

ពិព័រណ៍កាហ្វេ និងកម្មសិទ្ធិអាជ្ញាប័ណ្ណកម្ពុជាឆ្នាំ២០១៧នេះ មានស្តង់ចូលរួមសរុបប្រមាណ១០០ស្តង់ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភានេះ ក្នុងគោល បំណងបង្កើតឲ្យមានការជួបជុំធំបំផុតនៃអាជីវកម្ម និងឧស្សាហកម្មសំខាន់ៗដែលនឹងបង្ហាញទំនិញអាជីវកម្ម មានដូចជា គ្រាប់កាហ្វេតែ និងភេសជ្ជៈប្លែកៗ ទឹកផ្លែឈើស្រស់ម៉ាស៊ីនកាហ្វេ ម៉ាស៊ីនដុត និងលីងគ្រាប់ កាហ្វេ និងទំនិញផ្សេងៗជាច្រើនផ្សេងទៀត៕