កម្ពុជា​បាន​ប្តូរ​ទិសដៅ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

120

ភ្នំពេញ ៖ តំណាងសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងលើកឡើងថា បន្ទាប់ពីកម្ពុជា បានបង្កើតជើងយន្តហោះ ជាមួយនឹងបណ្តាប្រទេសនានា គឺបានជម្រុញឲ្យភ្ញៀវទេសចរណ៍ប្តូរទិសដៅមកទស្សនា នៅកម្ពុជា កាន់តែច្រើន និងកាន់តែមានចម្រុះជាតិសាសន៍។

លោក លូ ម៉េង អនុប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV NEWS នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ថា អ្វីដែលធ្វើឲ្យភ្ញៀវទេសមានការចាប់អារម្មណ៍ និងមានការកើនឡើងនោះ គឺកម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន ក្រៅពីតំបន់ទេសចរណ៍វប្បធម៌ មានដូច ជាតំបន់ទេសចរណ៍នៅខេត្តព្រះសីហនុ កែប កំពត ខេត្តកោះកុង ជាដើម សុទ្ធ សឹង ជាកន្លែងទាក់ទាញ លើសពីនេះទៅទៀតវិស័យកសិកម្មកម្ពុជា ក៏ជាឱកាសមួយក្នុងការចូលរួមចំណែក និងបង្ហាញអំពីផលិតផលរបស់ខ្លួន ក៏ដូចជាឱកាសលើកទឹកចិត្ត ដល់កសិករកម្ពុជាយើងផងដែរ ។

លោក បន្តថា សម្រាប់ចំណុចសំខាន់មួយទៀត ដែលបានជម្រុញឲ្យភ្ញៀវទេសចរណ៍ ចូលមកទស្សនា កាន់តែច្រើនឡើងៗ និងមានជនជាតិខុសៗ គ្នាជាច្រើននោះ គឺកម្ពុជាបានបង្កើតជើងយន្តហោះជាមួយ នឹងបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់ ព្រោះកាលណាយើងមានក្រុមហ៊ុនអាកាសចរណ៍ ហោះហើរទៅប្រទេសណាមួយនោះ គឺបានចូលរួមផ្សព្វផ្សាយយ៉ាងធំអំពីសក្តានុពល ជាពិសេសវិស័យទេសចរណ៍ដែលកម្ពុជាមាន។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការមកដល់របស់ភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជារយៈពេល២ខែដើមឆ្នាំនេះ សម្រេចបានកំណើនពីរខ្ទង់ឡើងវិញ ដោយសារភ្ញៀវមកពីគោលដៅ សំខាន់ៗបានកើនឡើង ហើយភ្ញៀវទេសចរណ៍ចិនឆ្នាំនេះ បានជាប់ចំណាត់ថ្នាក់លេខ១ ជំនួសភ្ញៀវទេសចរណ៍វៀតណាម ដែលបានឈរនៅចំណាត់ថ្នាក់លេខ១ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍នៅឆ្នាំនេះ កម្ពុជានឹងទទួលបានភ្ញៀវចំនួន៥.៤លាននាក់ ខណៈឆ្នាំ២០១៦ កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍៥លាននាក់ កើនឡើង៥ភាគរយធៀបនឹងឆ្នាំ២០១៥៕

btvnews(11-04-2016(4))