ម​ន្រី្ត​ជាន់ខ្ពស់​ក្រសួងសុខាភិបាល បុគ្គល​ណា​ដែល​បន្លំ​ធ្វើ​ពេទ្យ​នឹង​ជាប់ពន្ធ​ធនាគារ​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ​

152

មន្រី្តជាន់ខ្ពស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែឧសភានេះ បញ្ជាក់ថា បើអស់លោកមិនមែនជាពេទ្យទេ ហើយបន្លំធ្វើពេទ្យ នឹងជាប់ពន្ធធនាគារពី១ឆ្នាំ ទៅ២ឆ្នាំ ប៉ុន្តែបើអស់លោកជាពេទ្យតែអត់មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ក៏ប្រឈមមុខច្បាប់ដូចគ្នា។

ភ្នំពេញ៖ ការថ្លែងបែបនេះ របស់ឯកឧត្ដម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល គឺក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងណែនាំអំពីការចុះបញ្ជីការ និងការផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដែលរៀបចំដោយគម្រោង Evidence របស់អង្គការ Population Council ក្រោមគម្រោងសុខភាពកម្មករ ដែលជាគំនិតផ្តួចផ្តើមរបស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ នៅកម្ពុជា។

ឯកឧត្ដម បន្តថា អ្នកទាំងឡាយណាដែលចង់ប្រកបវិជ្ជាជីវៈសុខាភិបាល ជាគ្រូពេទ្យ ត្រូវមានលក្ខខណ្ឌត្រឹមត្រូវ ចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈពាក់ព័ន្ធរៀងខ្លួន ដូចជាឆ្មប ត្រូវតែចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈឆ្មប គិលានុបដ្ឋាក ត្រូវចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈគិលានុបដ្ឋាក គ្រូពេទ្យ ត្រូវតែចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈគ្រូពេទ្យ នៅក្នុងពេលដែលចុះបញ្ជីការនោះ គណៈវិជ្ជាជីវៈនីមួយៗ តម្រូវលក្ខណ៍មួយចំនួនណានោះ ដើម្បីធានាថា ពួកគាត់ គឺជាអ្នកដែលអាចមានសមត្ថភាព មានសញ្ញាប័ត្រ និងកាយសម្បទា ត្រឹមត្រូវ អាចថែទាំ អាចគិតគូរអំពីសុខភាពមាតា និងទារក ហើយនឹងអាចព្យាបាលជំងឺបាន។

ឯកឧត្ដម ធា គ្រុយ បន្ថែមថា ច្បាប់នេះមានគោលដៅកំណត់អំពីវិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងការប្រកបវិជ្ជាជីវៈសុខាភិបាល ។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ហើយអ្នកវិជ្ជាជីវៈសុខាភិបាល សំដៅដល់គ្រូពេទ្យ ទន្តពេទ្យ ឆ្មប គិលានុបដ្ឋាក ឱសថការី អ្នកបច្ចេកទេសមនី្ទរពិសោធន៍សុខាភិបាល អ្នកព្យាបាលដោយចលនា ទន្តគិលានុបដ្ឋាក អ្នកបច្ចេកទេសវិទ្យុសាស្ត្រ និងអ្នកវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត ដែលទទួលបានការចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ។

សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើង ដើម្បីចែករំលែក និងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងណែនាំអំពីការចុះបញ្ជីការ និងការផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល និងជំរុញ បង្កើនការយល់ដឹងដល់បណ្តាអ្នកបញ្ជាទិញ ម្ចាស់រោងចក្រសហគ្រាស និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលដែលធ្វើការក្នុងគិលានដ្ឋាន ក៏ដូចជាអ្នកផ្តល់សេវាឯកជននៅជិតរោងចក្រឲ្យយល់ពីតម្រូវការនានា និងបែបបទ ក្នុងការចុះបញ្ជីការ និងទទួលអាជ្ញាប័ណ្ណ៕