គជប ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ធ្វើ​លិខិតបញ្ជាក់​អត្តសញ្ញាណ​

260

អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ឧសភា នេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាដែលគ្មានអត្តសញ្ញាណប័ណ្ណត្រូវប្រញាប់ទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីបម្រើដល់ការបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ ការអំពាវនាវរបស់គជប ធ្វើឡើងក្រោយរកឃើញថា ពលរដ្ឋជាង៤ភាគរយក្នុងចំណោមពលរដ្ឋជាង៨លាននាក់ដែលមានឈ្មោះបញ្ជីបោះឆ្នោត ខ្វះឯកសារបញ្ជាក់អត្តសញ្ញាណ។

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គជប បានអោយដឹងក្រោយជួបជំនួបជាមួយតំណាងមន្ត្រីគណបក្សសង្គ្រោះជាតិ ថា ប្រជាពលរដ្ឋប្រមាណជាង៤%ស្មើនឹង៣២ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង៨លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺជាមុខសញ្ញាខ្វះលិខិតបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នាពេលដ៏ខ្លីខាងមុខ។ ពោល គឺករណីបើគ្មានលិខិតបញ្ជាក់អត្តសញ្ញាណនោះទេ ទោះបីជាមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏មិនអាចចូលរួមបោះឆ្នោតបានដែរ។

អគ្គលេខាធិការរងគជប បានបន្តថា ដើម្បីជាការជូនដំណឹង និងបញ្ជាក់ជាថ្មី សម្រាប់ប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានយល់ដឹងកាន់តែពីបែបបទនីតិវិធីកំណត់ ដោយ គជប ស្នើដល់ពលរដ្ឋត្រូវប្រញាប់ទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណនៅតាមមូលដ្ឋានឃុំសង្កាត់ឱ្យឆាប់រហ័ស ចាប់ពីថ្ងៃទី០៤ ឧសភា រហូតដល់ថ្ងៃទី២ មិថុនា ឆ្នាំ២០១៧។

ចំណែក ឯកឧត្តម យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ការដែលពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណប្រញាប់ទៅធ្វើលិខិតបញ្ជាក់សញ្ញាណជារឿងដ៏សារៈសំខាន់ សម្រាប់ប្រើប្រាស់នៅថ្ងៃចូលរួមបោះឆ្នោត។ ទន្ទឹងគ្នានោះ លោកក៏ស្នើទៅគជប ជួយដោះស្រាយ និងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដែលយកអត្តសញ្ញាណរបស់ប្រជាពលរដ្ឋជាទ្រព្យតម្កល់ ជាថ្នូរនឹងការអោយខ្លីលុយ។

ហើយក៏មានទៀតដែរ ការស្នើរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីទទួលនូវយុត្តិធម៌ស្មើភាពគ្នា ដូចជា៖ ការទិញម៉ោងឃោសនាខ្លឹមសារគោលនយោបាយតាមវិទ្យុទូរទស្សន៍ ដង្ហែក្បួនចែកខិតប័ណ្ណនៅតាមទីផ្សារ និងសកម្មភាពលើកស្លាកសញ្ញាគណបក្សជាដើម។

ជាការឆ្លើយតបតំណាងគជប អគ្គលេខាធិការរងគជប សុទ្ធតែបានទទួលយកនូវសំណើខាងលើ ដើម្បីពិចារណា និងសម្រេចបន្ត អោយស្របទៅលក្ខខណ្ឌនៃច្បាប់ស្តីពីបោះឆ្នោត៕