រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អះអាងថា ​ចាប់ពីពេលនេះ​តទៅ ​នឹង​លែង​មាន​ជំលោះ​ដី​សម្បទាន​កើតឡើង​ដូច​មុន

115

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងបរិស្ថានប្រកាសមិនអនុញ្ញាតឲ្យមានការផ្តល់អាជ្ញាប័ណ្ណលើដីសម្បទាន រដ្ឋមន្ត្រីក្រសួង បរិស្ថាន អះអាងថា ចាប់ពីពេលតទៅ នឹងលែងមានជំលោះដីធ្លីកើតឡើងរវាងប្រជាពលរដ្ឋ និងដីក្រុមហ៊ុន ឫដីឧកញ៉ាទៀតហើយ។

ក្នុងពិធីសំណេះសំណាល និងចងសម្ព័ន្ធមេត្រីភាពរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងយុវជននៃកងទ័ពកងពលតូចថ្មើជើងលេខ៧០ នៅល្ងាចថ្ងៃទី១៦ ខែឧសភា នៅទីបញ្ជាការទ័ព ង ៧០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ថ្លែងថា រាល់ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ទាំងឡាយណា ដែលធ្វើការអភិវឌ្ឍន៍បង្កការប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ គឺឯកឧត្តម បានកាត់ចោល ដោយលែងឲ្យមានដីសម្បទាន និងឈប់ផ្តល់អាជ្ញាប័ណ្ណថ្មី។

ឯកឧត្តម សាយ សំអាល់ បន្តថា ចាប់ពីពេលនេះ តទៅ ឯកឧត្តម នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ និងមានឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្នុងករណីមានមេឈ្មួញណា ដែលតាំងខ្លួនជាប្រជាពលរដ្ឋទៅធ្វើការកាប់ឆ្ការដីព្រៃក្រោមរូបភាពវាទដីសំរាប់ធ្វើការរស់នៅសង់លំនៅឋាន ហើយចុងក្រោយបែរជាលក់ដីឲ្យគេ ហើយទៅវាទដីកាប់ឆ្ការនៅកន្លែងផ្សេងៗទៀត។

ឯកឧត្តម បន្តថា គ្រប់ប្រជាពលរដ្ឋដែលមានបំណងចង់បានដីព្រៃទៅសង់លំនៅឋានផ្សេងៗ គឺប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ នៅគណៈកម្មការដីសម្បទានសង្គមកិច្ចដែលមាននៅតាមរាជធានីខេត្ត ដើម្បីឲ្យខេត្តទាំងនោះ បង្កើតជាភូមិដ្ឋានថ្មីសម្រាប់ឲ្យប្រជាពលរដ្ឋទៅរស់នៅ។

សម្រាប់ការងារបន្ត ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា នឹងបន្តអនុវត្តគោលនយោបាយអភិរក្សជីវៈចំរុះ ក្នុងនោះក្រសួងនឹងបន្តអនុវត្តបទបញ្ជា ០១ របស់រាជរដ្ឋាភិបាលផ្តល់ដីកម្មសិទ្ធជូនប្រជាពលរដ្ឋ និងបន្តផ្តល់ដីកម្មសិទ្ធជូនប្រជាពលរដ្ឋ នូវរាល់ដីទាំងឡាយណាដែលដកហូតបានពីដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុននានាទៀត៕

say somal2 say somal1 say somal3 say somal