ខ្មាន់កាំភ្លើង​បើក​ការ​វាយ​ប្រហារ​លើ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​របស់​អាហ្វហ្គានីស្ថាន​ក្នុង​ទីក្រុង​ចាឡាឡាបាដ

107

អាហ្វហ្គានីស្ថាន៖ លោក អាតូឡា ឃូយ៉ានី គឺជាអ្នកនាំពាក្យអភិបាលខេត្តណានហ្គាហាបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារលើអគារស្ថានីយទូរទស្សន៍រដ្ឋអាហ្វហ្គានីស្ថាន ស្ថិតនៅទីក្រុងភាគខាងកើតចាឡាឡាបាដកាលពីថ្ងៃពុធ ហើយនឹងបានផ្ទុះអាវុធជាមួយកងកម្លាំងសន្តិសុខផងដែរ។Th7លោក អាតូឡា ឃូយ៉ានី បាននិយាយថា “ក្រុមជីវពលបានសម្រុកចូលមកកាន់អគារ ហើយអ្វីដែលជាគោលដៅពិតប្រាកដរបស់ពួកគេនៅមិនទាន់ដឹងច្បាស់នោះទេ”។ លោកបន្តថា យ៉ាងហោចណាស់ក៏មានខ្មាន់កាំភ្លើង ៣នាក់ដែរក្នុងនោះ ២នាក់បានបំផ្ទុះខ្លួនឯង និងម្នាក់កំពុងបាញ់តបតជាមួយក្រុមនគរបាល។ ស្នូរកាំភ្លើងបានបន្លឺឡើងចេញពីអគាររបស់ស្ថានីយទូរទស្សន៍ RTA ដែលជាទូរទស្សន៍រដ្ឋអាហ្វហ្គានីស្ថាន ស្ថិតនៅជិតអគារអភិបាលខេត្តតែម្ដង។ សូមបញ្ជាក់ថា ទីក្រុងចាឡាឡាបាដគឺជារដ្ឋធានីនៃខេត្តណានហ្គាហា គឺជាខេត្តភាគខាងកើតជាប់ព្រំប្រទល់ជាមួយប្រទេសប៉ាគីស្ថាន ជាកន្លែងដែលក្រុមរដ្ឋអ៊ីស្លាមបង្កើតតំបន់កាន់កាប់របស់ខ្លួននៅទីនោះ ប៉ុន្តែក្នុងតំបន់មួយនេះក៏មានវត្តមានរបស់ក្រុមឧទ្ទាមតាលីបង់ផងដែរ៕
អត្ថបទ៖ សារ៉ាត់