សម្តេច​តេ​ជោ​បង្ហាញ​ពី​សុខដុម​នីយកម្ម​សាសនា ជូន​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

138

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញអំពីសុខដុមណីយកម្មខាងវិស័យសាសនានៅកម្ពុជាថា គ្រប់សាសនាទាំងអស់ ពុំមានអ្វីដែលជាការព្រួយបារម្ភនោះទេ។

ភ្នំពេញ៖ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ខណៈឯកឧត្តម អាប់ឌុលឡាស់ អាម៉ាត់ បាដាវី (Abdullah Ahmad Badawi) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្រតិបត្តិវិទ្យាស្ថានស្វែងយល់ឥស្លាមម៉ាឡេស៊ី បានមកចូលជួបសំដែងការគួរសម ជាមួយសម្តេចតេជោ នៅវិមានសន្តិភាព នារសៀលថ្ងៃ ១៨ ឧសភានេះ។

ក្រោយជំនួបបញ្ចប់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម អាប់ឌុលឡាស់ អាម៉ាត់ បាដាវី បានសំដែងការរីករាយ ដែលបានមកជួបសម្តេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ និង បានអបអរសាទរចំពោះសម្តេច ដែលបានដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្ដមក៏បានគោរពជំរាបជូនសម្តេចថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីដឹកនាំគណៈប្រតិភូវិទ្យាស្ថានស្វែងយល់អំពីឥស្លាមម៉ាឡេស៊ី មកសិក្សាពីស្ថានភាពទូទៅរបស់កម្ពុជា ជាពិសេសស្វែងយល់អំពីការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង។

ជាការឆ្លើយតប សម្តេចតេជោបានជំរាបជូនប្រតិភូទាំងមូលអំពីនយោបាយឈ្នះឈ្នះរបស់កម្ពុជា ដែលតាមរយៈនយោបាយនេះ បាននាំមកនូវសុខសន្តិភាព ស្ថេរភាព ជាមួយនឹងកំណែទម្រង់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ បាននាំកម្ពុជាមកនូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាងនេះទៀត សម្តេចបានជំរាបជូនប្រតិភូអំពីបេសកកម្មរបស់កម្ពុជា ដែលបានចូលរួមចំណែក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាពពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនភ្ញៀវអំពីសុខដុមនីយកម្មខាងសាសនានៅកម្ពុជា ដែលគ្រប់សាសនាទាំងអស់ ពុំមានអ្វីដែលជាការព្រួយបារម្ភនោះឡើយ។

តបនឹងប្រសាសន៍បែបនេះ ឯកឧត្តម អាប់ឌុលឡាស់ អាម៉ាត់ បាដាវី បានសំដែងនូវសេចក្តីរីករាយ និង អបអរសាទរ ចំពោះសុខដុមរមនាខាងវិស័យសាសនា ដែលសម្រេចបា នក្រោមការដឹកនាំរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា៖ ប្រតិភូអតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី គឺឯកឧត្តម អាប់ឌុលឡាស់ អាម៉ាត់ បាដាវី មកកាន់ប្រទេសកម្ពុជានៅពេលនេះ ដើម្បីចូលរួមក្នុងវេទិកាស្ដីពីសុខ ដុមរមនាផ្នែកសាសនា៖ ស្នូលនៃអរិយធម៌ និងសន្ដិភាពពិភពលោក នៅរាជបណ្ឌិតសភាកម្ពុជា នាព្រឹកថ្ងៃ ១៨ ឧសភានេះ ដើម្បីរួមគ្នាចែករំលែកនូវចំណេះដឹង និង ទស្សនទានថ្មីៗ នៃ ភាពរុងរឿងផ្នែកសាសនា ដល់អ្នកដឹកនាំ អ្នកស្រាវជ្រាវ និង សាសនិកទាំងឡាយរបស់ ប្រទេសទាំង២ ឲ្យកាន់តែយល់ច្បាស់ពីសាសនា ជាពិសេសដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាល នៃមនោគមវិជ្ជា និង តម្លៃអវិជ្ជមាន ដែលបង្កឲ្យមានការកើនឡើងនូវលិទ្ធិជ្រុលនិយម លិទ្ធិដាច់ខាតនិយម និងភេវរកម្ម ដែលគំរាមដល់សន្ដិភាព និង សុខដុមរមនា រវា ងមនុស្ស ដែលមានសាសនាខុសៗគ្នា៕