អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ប្រាប់​ឲ្យ​ម្ចាស់​ចម្ការ​ថែរក្សា​ស្វាយ​ឲ្យ​ល្អ​កុំភ័យ​រឿង​ទីផ្សារ

647

កំពត ៖ មន្ត្រីសភាពាណិជ្ជកម្ម បានប្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការស្វាយ ឲ្យថែរក្សាដើមស្វាយ ឲ្យបានល្អ កុំកាប់វាចោល ព្រោះមានទីផ្សារនាំចេញទៅក្រៅប្រទេសច្រើនហើយ។

នៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍ដំណាំស្វាយ ចាប់ពីការដាំ ថែទាំ ប្រើប្រាស់ជី ប្រមូលផល សម្រាប់ ទីផ្សារក្រៅប្រទេស ដែលបានធ្វើនៅសាលាឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៨ ខែឧសភា នេះ លោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធអ្នកនាំចេញកសិផល និងផ្លែឈើកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គ្មានបញ្ហាទេរឿងទីផ្សារ ព្រោះបច្ចុប្បន្ន លោកបានសម្របសម្រួល ទាក់ទង ក្រុមហ៊ុនជាច្រើនមកទិញស្វាយកម្ពុជា ក្នុងនោះ ប្រទេសវៀតណាម ក៏យល់ព្រមប្រមូលទិញ កូរ៉េ ចិន និងថៃក៏ប្រមូលទិញដែរ។

យ៉ាងណាក៏ដោយ លោកបានបង្ហាញពីផលវិបាក និងបញ្ហាប្រឈម គឺផ្លូវច្បាប់។ ដើម្បីឲ្យស្វាយអាចនាំចេញបាន គឺស្វាយត្រូវតែមានគុណភាព មិនមានជាតិគីមីប៉ះពាល់សុខភាព ដូច្នេះត្រូវប្តូរទម្លាប់ តាំងពីការដាំ ការថែទាំ រហូតដល់ការប្រមូលផល ទៅតាមតម្រូវការនៃប្រទេសនីមួយៗ។

លោក បានបញ្ជាក់ថា មូលដ្ឋានសំខាន់សម្រាប់ឈានដល់ការចុះកិច្ចសន្យាទិញលក់ពីបរទេស ក្រសួងពាណិជ្ជកម្មចង់អ្នកដាំក្នុងឃុំនីមួយៗ ដែលមានដំណាំសក្តានុពល ត្រូវចងក្រងបង្កើតជាសមាគម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដឹងពីចំនួនផ្ទៃដី បរិមាណ គុណភាព និងការប្រើប្រាស់ជី។

លោក បានឲ្យដឹងថា ក្នុងមួយឆ្នាំ កសិផលស្វាយទូទាំងប្រទេស មានចំនួនមួយលានតោន ប៉ុន្តែមិនទាន់មានគោលការណ៍នាំចេញតាមផ្លូវច្បាប់ ដែលមានការធានាខុសត្រូវពីរដ្ឋនៅឡើយទេ។ ដូច្នេះមានតែការចេះដាំដុះ ថែទាំ និងប្រើប្រាស់ជីធម្មជាតិ ដោយខ្លួនឯង ទើបអាចធ្វើឲ្យសមាគមដែលគ្រោងនឹងបង្កើត ត្រូវតាមបទដ្ឋាននៃការនាំចេញ និងប្រព្រឹត្តទៅដោយរលូន។

ប្រជាពលរដ្ឋអ្នកដាំស្វាយក្នុងឃុំថ្មី ស្រុកទឹកឈូ បានឲ្យដឹងថា តម្លៃស្វាយធម្មតាក្នុងពេល បច្ចុប្បន្ន គឺពី៣០០ទៅ៥០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមិនសមរម្យទេ ហើយអាចឲ្យធ្វើឲ្យពួកគេខាតបង់ប្រាក់ទុនទៀតផង។ ប៉ុន្តែពួកគេសប្បាយចិត្ត ក្រោយពីបានទទួលដំណឹងនេះ ហើយ នឹងបន្តថែរក្សាស្វាយទុកតទៅទៀត។

ពួកគេ បានអះអាងថា ពួកគេពេញចិត្តក្នុងការបង្កើតឲ្យមានសមាគម ដើម្បីរក្សាតម្លៃឲ្យអ្នកផលិត។ បើស្វាយខ្ចប់ មួយគីឡូតម្លៃពីរពាន់រៀល គឺអាចទទួលយកបាន៕

hak sovan hak sovan1