ក្រុង​កំពង់ឆ្នាំង​មានការ​រីកចម្រើន ​សម្បូរ​សប្បាយ ​ដោយសារ​មាន​សន្តិសុខ​សណ្តាប់​ធ្នាប់​ល្អ​

216

កំពង់ឆ្នាំង ៖ ក្រុងកំពង់ឆ្នាំង ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់មិនចាញ់ក្រុងខេត្តដទៃទៀតប៉ុន្មាននោះឡើយ។ ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងនេះ បានមកពីសុខសន្តិភាពនៃប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានបំផ្លាញដោយសារសង្គ្រាមស៊ីវិល។

ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងមកក្រុងនេះ បានទទួលចំណាត់រំដួលពីរទង តែអាជ្ញាធរក្រុង ប្ដេជ្ញានឹងដណ្ដើមចំណាត់រំដួលបីទងឲ្យបាន នៅក្នុងការប្រកួតប្រជែងទីក្រុងស្អាតលើកក្រោយ។ ប៉ុន្តែការដែលអាចធ្វើដូចនេះបាន ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ។

លោកអភិបាលក្រុង បានបញ្ជាក់ថា ការអភិវឌ្ឍន៍ក្រុង ខេត្ត ឬប្រទេស គឺត្រូវការជាចាំបាច់នូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អគ្រប់ទីកន្លែង ទើបប្រជាពលរដ្ឋអាចប្រកបមុខរបរបានងាយស្រួលជួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឲ្យរីកចម្រើនបានលឿន។

តែទោះជាយ៉ាងណា លោកបានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ នាំសន្តិភាពពិតប្រាកដជូនពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យរស់នៅមានសេរីភាព សម្បូរសប្បាយ និងរីកលូតលាស់គ្រប់វិស័យ «ខ្មែររួបរួម គឺខ្មែរខ្លាំង ខ្មែរជោគជ័យ»

hia monorom kompong chnang kompong chnang1