កសិករ​ក្នុង​ឃុំ​ភ្នំ​ដិ​ន ជាប់​ព្រំដែន​វៀតណាម អាច​ធ្វើ​ស្រែ​បាន​ពីរ​បី​ដង​ក្នុង​មួយ​ឆ្នាំ

40

តាកែវ ៖ ខណៈពេលដែលប្រជាកសិករនៅតំបន់ផ្សេង នៅក្នុងប្រទេសកម្ពុជា ភាគច្រើនអាចធ្វើស្រែបានតែម្ដងក្នុងមួយឆ្នាំនោះ ក្រុមកសិកររាប់ពាន់គ្រួសារ ដែលរស់នៅក្នុងឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ជាប់ នឹងព្រំដែនប្រទេសវៀតណាម អាចធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ។

លោក ឃុត ប៊ុនថា ប្រធានសហគមន៍ប្រើប្រាស់ទឹកឃុំភ្នំដិន បានឲ្យដឹងថា ការធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំៗ របស់ក្រុមកសិករនេះ បានធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែមានភាពប្រសើរឡើងជាងពេលមុន។

លោក បានបញ្ជាក់ថា ការដែលពលរដ្ឋក្នុងឃុំ អាចធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំដូច្នេះ ព្រោះក្នុងឃុំមានប្រឡាយទឹកមួយខ្សែ ប្រវែងជាង៦ពាន់ម៉ែត្រ ដែលមានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំង របស់ប្រជាកសិករ ប្រមាណជិត៣ពាន់ហិកតា។

លោកប្រធានសហគមន៍ បានឲ្យដឹងថា កាលពីមិនទាន់មានប្រឡាយនេះ ប្រជាកសិករក្នុងឃុំភ្នំដិន ធ្វើស្រែប្រាំងមិនសូវបានផលនោះទេ ព្រោះខ្វះខាតទឹក ក៏ប៉ុន្តែនៅពេលមានប្រឡាយទឹកនេះ វាបានជួយឲ្យប្រជាកសិករកាត់បន្ថយការចំណាយផ្សេងៗជាច្រើនដូចជាការបូមទឹកពីតំបន់ឆ្ងាយៗ ជាដើម។ ម្យ៉ាងទៀតកសិករអាចធ្វើស្រែប្រាំងបាន២ដង និង៣ដងចំពោះដីខ្ពស់ ហើយភាគច្រើន គឺគាត់ធ្វើប្រភេទស្រូវអ៊ីអ៊ែ។ ចំពោះទិន្នផលក្នុងរដូវទី១ គឺទទួលបានពី៥ទៅ៦តោន និងរដូវទី២និងទី៣ បានពី៤ទៅ៥តោន។ ក្នុងនោះដែរកសិករ ក៏បានជួយគ្នាក្នុងការស្តារប្រឡាយតាមរយៈការបង់ប្រាក់សម្រាប់ទ្រទ្រង់ប្រឡាយឲ្យមាននិរន្តរភាព។

លោក មេន ប៊ន ប្រធានសហគមន៍កសិកម្មភ្នំដិនសែនសុខ បានថ្លែងថា ដើម្បីជួយប្រជាកសិករនៅក្នុងឃុំ ដែលត្រូវការសាច់ប្រាក់ ដើម្បីទិញជី ឬជួលម៉ាស៊ីនច្រូតស្រូវជាដើមនោះ សមាគមបានផ្ដល់ប្រាក់កម្ចីក្នុងអាត្រាការប្រាក់ដ៏ទាបបំផុតដល់កសិករ និងបានទំនាក់ទំនងដើររកត្រាក់ទ័រសម្រាប់ភ្ជួររាស់ដីក្នុងតម្លៃទាប ហើយជួយរកម៉ាស៊ីនច្រូតក្នុងតម្លៃទាបជាងឈ្មួញកណ្តាលផងដែរ។

លោកប្រធានសហគមន៍កសិករកម្ម បានបញ្ជាក់ថា សហគមន៍ ក៏បានទិញផលិតផលស្រូវដែលសមាជិកបានផលិត ក្នុងតម្លៃសមស្រប ហើយរកទីផ្សារដើម្បីកាត់បន្ថយការចំណាយ និងផ្តល់ការចំណេញដល់សមាជិកម្នាក់ៗ ក្រោយពីប្រមូលផល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅក្នុងឃុំភ្នំដិននេះផងដែរ៕

rice takeo rice takeo1 rice takeo2