កីឡាករ​កូ​ឡុំ​ប៊ី Fernando Gaviria ឈ្នះ​ដំណាក់កាល​ទី​១២ ​ក្នុង​កម្ម​វិធី Giro d’Italia

44

ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិកូឡុំប៊ី Fernando Gaviria បានប្រជែងឈ្នះដំណាក់កាលទី១២ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ដែលជាជ័យជំនះបីដំណាក់កាលហើយសំរាប់កីឡាកររបស់ក្រុម Quick Step-Floor រូបនេះ។F6ការប្រកួតដំណាក់កាលទី១២ កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញមានចម្ងាយផ្លូវ ២២៩គីឡូម៉ែត្រដែលភាគច្រើនមានស្ថានភាពផ្លូវស្មើកីឡាករកូឡុំប៊ី Fernando Gaviria បានប្រជែងឈ្នះដោយមកដល់ទីព្រ័ត្រប្រើថេរវេលា ៥ម៉ោង ១៨នាទី ៥៥វិនាទី ខណៈកីឡាករអ៊ីតាលី Jakub Mareczko លេខពីរស្ថិតក្នុងថេរវេលាដូចគ្នា និងលេខ៣ កីឡាករអៀកឡង់ Sam Bannett។ Fernando Gaviria នៅពេលនេះបានពន្លាតពិន្ទុនាំមុខក្នុងតារាងពិន្ទុរួម បន្ទាប់ពីឈ្នះដំណាក់កាលទី៣ និងទី៥ បូកនឹងទី១២ នេះទៀត។

តែបើសរុបក្នុងតារាងថេរវេលារួមវិញកីឡាករហូឡង់ Tom Dumoulin នៅតែបន្តនាំមុខរួមដោយមានថេរវេលាសរុប ៥២ម៉ោង ៤១នាទី ៨វិនាទី តាមពីក្រោយ ២នាទី ២៣វិនាទីដោយកីឡាករកូឡុំប៊ី Nairo Quintana និងលេខ៣ កីឡាករហូឡង់ Bauke Mollema យឺតជាង ២នាទី ៣៨វិនាទី។ ដំណាក់កាលទី១៣ ថ្ងៃសុក្រនេះមានចម្ងាយផ្លូវ ១៦៧គីឡូម៉ែត្រចេញដំណើរពី Reggio Emilia ឆ្ពោះទៅ Tortana៕
អត្ថបទ៖នាង សុភាវុធ