៤​ខែ​ដើម​ឆ្នាំនេះ​ ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​មាន​កំណើន​១០​ភាគរយ

641

ភ្នំពេញ ៖ រយៈពេលបួនខែដើមឆ្នាំ២០១៧នេះ ឥណទានរបស់មីក្រូហិរញ្ញវត្ថុបានបន្តកើនឡើងប្រមាណ១០ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានឲ្យដឹងនៅថ្ងៃទី ១៨ខែ ឧសភាម្សិលមិញថា បើគិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ ឥណទានដែលបានផ្តល់ជូនអតិថិជនមានចំនួន៦១០ លានដុល្លារអាមេរិក បើធៀបកាលពីឆ្នាំ២០១៦ រយៈពេលដូចគ្នាកាលពីឆ្នាំមុនមានកំណើនប្រមាណ១០%

លោក បានបន្តទៀតថា គោលដៅរបស់មីក្រូហិរញ្ញវត្ថុអម្រឹត បើកទូលាយបើសិនជាអតិថិជនមានមុខរបរច្បាស់លាស់ និងមានទស្សនវិស័យវែងឆ្ងាយ គឺរីករាយក្នុងការផ្តល់ជូនឥណទានទៅដល់ពួកគាត់តែម្តង។

លោក បានបញ្ជាក់ថា ក្នុងចំណោមឥណទានទាំងនោះ បានផ្តោតលើវិស័យកសិកម្មវិញ ៤៥% នៃឥណទានសរុប ហើយតាមផែនការនៅឆ្នាំ២០១៨ មីក្រូហិរញ្ញវត្ថុអម្រឹតគ្រោងពង្រីកទុនបន្ថែមទៀតស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា ។

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC បានចុះកិច្ចព្រមព្រៀងលើការផ្តល់សហឥណទានចំនួន៥០ លានដុល្លារអាមេរិក បន្ថែមទៀតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីពង្រីកវិសាលភាពខ្លួន ក៏ដូចជាបង្កើនការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មតូចៗ ជាពិសេសវិស័យកសិកម្មនៅតាមជនបទ។

ត្រឹមចុងឆ្នាំ២០១៦ កម្ពុជាមានមីក្រូហិរញ្ញវត្ថុសរុប៧១ ក្នុងនោះមីក្រូហិរញ្ញវត្ថុទទួលយកប្រាក់បញ្ញើ(MDI)មានចំនួន៧ និងប្រតិបត្តិករឥណទានចុះបញ្ជី១៧០ផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យឆ្នាំ២០១៦ របស់ធនាគារជាតិនៃកម្ពុជា(NBC)