ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ និង​ខិតខំ​បន្ដ​ដោះស្រាយ​តម្រូវការ​ពលរដ្ឋ

82

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីបម្រើប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមនឹងនេះ យើងមិនដោះស្រាយឱ្យអស់តាមគ្រប់តម្រូវការនោះទេ។ ដោះស្រាយបានតិច បានច្រើន យើងខិតខំបន្ដដោះស្រាយ តម្រូវការជូនប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាល និងចែកជូនទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំធ្វើជាង៣០ឆ្នាំមកហើយតាំងពីលោកនៅយុវជនម្ល៉េះ ហើយសម្តេច ខិតខំធ្វើបន្តទៀត ដើម្បីប្រជាពលរដ្ឋ។ សូមប្រជាពលរដ្ឋបន្តការគាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះគឺជាការផ្តល់យុត្តិធម៌ និងតម្លៃដល់អ្នកធ្វើពិតប្រាកដ ខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្ដថា កាលពីជាង៣០ឆ្នាំមុនយើងខ្វះអ្វីៗគ្រប់យ៉ាងគឺពុំមានសុខសន្តិភាព សិទ្ធិ សេរីភាព គ្មានឱកាសកសាងជីវភាពបានល្អប្រសើរ គ្មានផ្លូវស្អាត និងសមិទ្ធផលផ្សេងៗទៀត កូនចៅ ប្រជាពលរដ្ឋគ្មានឱកាសធ្វើការងារល្អនោះទេ ប៉ុន្តែនៅពេលនេះប្រជាពលរដ្ឋមានអ្វីៗគ្រប់បែបយ៉ាងគឺយើងរស់នៅសុខសន្តិភាព មានសិទ្ធិ សេរីភាព មានឱកាសកសាងជីវភាពបានល្អប្រសើរ ផ្លូវស្អាត និងសមិទ្ធផលផ្សេងៗទៀត កូនចៅប្រជាពលរដ្ឋឱកាសធ្វើការងារតាមបណ្តាក្រុមហ៊ុន រោងចក្រ និងកន្លែងដទៃទៀត ដែលទាំងអស់នេះ គឺជាការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាព្រោះថា គ្មាននរណា ធ្វើនិងជួយប្រជាជនជាងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានោះទេ។ ជាក់ស្តែងនៅតំបន់ភ្នំម្រះព្រៅក្នុងសំរោងទង ខេត្តកំពង់ស្ពឺ នេះគឺមានមណ្ឌលសុខភាពក្រាំងអម្ពិលសម្រាប់ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានម៉ាស៊ីនផលិតទឹកស្អាតចែកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ដោយមិនគិតកម្រៃនិងចែកជូនជាបន្តបន្ទាប់ជុំវិញតំបន់នោះ និងមានផ្លូវសម្រាប់ធ្វើដំណើរទៅកាន់តំបន់ទីជិតឆ្ងាយបានយ៉ាងងាយស្រួលជាពិសេសផ្លូវប្រវែង៧គីឡូម៉ែត្រ ចាក់ក្រាលកៅស៊ូ នឹងលេចរូបរាងនៅក្នុងមូលដ្ឋានរបស់បងប្អូននាពេលឆាប់ៗខាងមុខនេះ ដែលសាងសង់ដោយកងពលតូច៧០ដើម្បីងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ៤១ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ដែលសាងសង់ដោយកងពលតូច៧០។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ២៨០គ្រួសារដែលមានជីវភាពលំបាក បានទទួលអំណោយជាទឹកសុទ្ធ និងឃីតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរួមមាន អាហារបំប៉ន មី និង ស្ករសផងដែរ។

ការទទួលបានអំណោយនេះ គឺតាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្ដេចដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងចំនួន៤កន្លែង ក្នុងឃុំចំនួន៣ គឺឃុំស្រង់ ឃុំក្រាំងអម្ពិល និងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបញ្ជូនប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ ២នាក់ មកព្យាបាលបន្តនៅភ្នំពេញ ផងដែរ ក្រោមការការសម្របសម្រួលព្យាបាលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។

ក្នុងការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះ ក៏មានការចូលរួមពី មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង និងក្រុមការងារផងដែរ៕

photo_2017-05-19_11-37-05 photo_2017-05-19_11-37-15 photo_2017-05-19_11-36-58 photo_2017-05-19_11-37-22 photo_2017-05-19_11-37-24 photo_2017-05-19_11-37-38 photo_2017-05-19_11-37-32 photo_2017-05-19_11-37-29