កង​ទ័ព​ស៊ី​រី​បន្តវាយប្រហារ​ដោយ​​មី​ស៊ី​ល​ទៅ​លើ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ទីក្រុង Deraa

770

ស៊ីរី៖ រូបភាពវីដេអូបង្ហោះចូលបណ្ដាញព័ត៌មានសង្គមកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងបាញ់ផ្លោងគ្រាប់មីស៊ីល ទៅលើតំបន់មួយនៃស្រុកមាណស៊ីយ៉ារបស់ទីក្រុង Deraa ប្រទេសស៊ីរី។

រូបភាពវីដេអូបង្ហាញពីកងកម្លាំងយោធាកំពុងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ចេញពីទីក្រុងឌឺរ៉ាភាគខាងត្បូងប្រទេសស៊ីរី។ យោងតាមឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរីឲ្យដឹងថា ទីក្រុងឌឺរ៉ាត្រូវបានគេមើលឃើញថា ជាកន្លែងមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរបំផុត ចាប់តាំងពីការចាប់ផ្ដើមបទឈប់បាញ់ក្នុងតំបន់ដែលមានស្ថានភាពធូរស្រាល ទន្ទឹមនឹងមានការវាយប្រហារតាមអាកាសជាង ៥០លើក និងការវាយប្រហារលើដីជាច្រើនលើក ដាក់គោលដីលើតំបន់ទាំងនេះក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

រុស្ស៊ី, ទួរគី និងអ៊ីរ៉ង់ បានព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាមួយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែឧសភា ដើម្បីបង្កើតតំបន់គ្មានសង្គ្រាមចំនួន ៤ដាច់ដោយឡែកពីគ្នាក្នុងប្រទេសស៊ីរីយ៉ាងហោចណាស់ ៦ខែ។ តំបន់គ្មានសង្គ្រាមឬតំបន់សុវត្ថិភាពធំៗបំផុត រួមមានខេត្តអ៊ីតលីប និងស្រុកនានាជិតខេត្តហាម៉ា, ខេត្តអាឡេប៉ូ និងខេត្តឡាតាគៀ។ ការវាយប្រហារលើទីក្រុងឌឺរ៉ាកើតឡើង ស្របពេលកិច្ចពិភាក្សាស្វែងរកសន្តិភាពឲ្យប្រទេសស៊ីរីបន្តធ្វើក្នុងទីក្រុងហ្សឺណែវ ដើម្បីបញ្ចប់សង្គ្រាមរាំរៃជាង ៦ឆ្នាំកន្លងមកនេះ៕
អត្ថបទ៖ សុខមាន