ពលករ​ខ្មែរ​១០​នាក់​ ឆ្លងដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ ​ត្រូវ​បាន​កាត់ទោស​ និង​ផាក ពិន័យ​រួច ​បញ្ជូន ​មក​កម្ពុជា​វិញ​

92

បន្ទាយមានជ័យ ៖ ពលករខ្មែរ១០នាក់ ក្នុងចំណោម១៩នាក់ ដែលអាជ្ញាធរថៃ ចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ ហើយត្រូវបានតុលាការកាត់ទោស នឹងផាកពិន័យរួច បានបញ្ជូនមកកម្ពុជាវិញ។

យោងតាមរបាយការណ៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានអោយដឹងថាកាត់ទោស និងផាកពិន័យរួច បញ្ជូនមកកម្ពុជាវិញ មានពលករខ្មែរ ចំនួន១០នាក់ សុទ្ធតែជាអ្នករស់នៅខេត្តបន្ទាយមានជ័យ បានឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងឧទ្យានជាតិប៉ាងស៊ីដា របស់ថៃ នៅក្នុងស្រុកមឿងសាកែវ ខេត្តសាកែវ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅត្រូវបានមន្ត្រីអនុរក្សរួមជាមួយសមត្ថកិច្ចថៃល្បាតប្រទះឃើញចាប់បាន។

របាយការណ៍ បានបន្ដថា ពលករខ្មែរទាំង១០នាក់ នេះក្រោមការសម្របសម្រួលរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ជាមួយតុលាការសមត្ថកិច្ចថៃ បានដោះលែង នៅម៉ោង ៣រសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ ជាមួយនិងការបង់ផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់ហើយបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៩យប់មិញនេះ។

សូមបញ្ជាក់ថា ជាញឹកញាប់ពលរដ្ឋខ្មែរ ដែលឆ្លងដែលខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ជាច្រើននាក់ក្នុងមួយឆ្នាំៗ ត្រូវរងគ្រោះរបួស ឫស្លាប់ និងចាប់ខ្លួនកាត់ទោសជាប់ពន្ធនាគារថៃ នៅពេលសមត្ថកិច្ចថៃបង្ក្រាប។មូលហេតុនេះ ដោយសារតែមានឈ្មួយ ឫថៅកែឈើគ្រញូងរបស់កម្ពុជា បាននាំឫក៏ជួលអោយពលរដ្ឋប្រដាប់ដោយសម្ភារៈកាប់ឈើឆ្លងដែនចូលដីថៃ នៃតំបន់ព្រៃឈើតាមរយះសហការជាមួយសមត្ថកិច្ចបើកភ្លើងខៀវអោយឆ្លងដែនរួចរងចាំទទួលឈើ ទៅលក់ប្រទេសវៀតណាម៕