សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ២៧៧​នាក់ នៅ​ក្នុង​ភូមិ​ចំនួន​៦ នៃ​ឃុំ​ពុកឫស្សី ផ្លាស់​ទ្រនំ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​អស់​សង្ឃឹមលើ​មេដឹកនាំ​

73

គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតមកដល់ ជារៀងរាល់អាណត្តិ គេ តែងសង្កេតឃើញចរន្ត នៃការចាកចេញរបស់សកម្មជនគណបក្សផ្សេងៗមានកាន់តែច្រើន មកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។

កណ្ដាល៖ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ សកម្មជនគណបក្សសង្គ្រោះជាតិ និងគណបក្ស មួយចំនួនផ្សេងទៀតចំនួន២៧៧នាក់ នៅក្នុងឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបន្តដើរចេញ ពីគណបក្សរបស់ខ្លួន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។

ពិធីប្រកាសទទួល ស្គាល់សកម្មជនមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទាំងនោះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ខៀវ សំអាន ប្រធានក្រុមការងារចុះជួយឃុំ ពុកឫស្សី រួមនឹងក្រុមការងារជាច្រើនទៀត។

លោក ខៀវ សំអាន បានលើកឡើងថា ការវិលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តបានប្រសើរ។ លោកបានសម្តែងការស្វាគមន៍ និងចាត់ទុកវត្តមានសមាជិកថ្មី មកពីគណបក្ស សង្គ្រោះជាតិ និងបក្សផ្សេងទៀត គឺបានបង្ហាញឲ្យឃើញកាន់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងយកចិត្តទុកចំពោះសុខទុក្ខប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនយ៉ាងពិតប្រាកដ។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលទើបមកចូលរួមក្នុងគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ដោយសារតែពួកគាត់ មើលឃើញយ៉ាងច្បាស់ អំពីសកម្មភាពនៃការខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំ មកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមរីកចម្រើនដូចសព្វថ្ងៃ។

សមាជិកថ្មីទាំងនោះបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលធ្វើការងារជួយប្រជាពល រដ្ឋជាក់ស្តែង រីឯគណបក្សប្រឆាំងដូចជា គណបក្សសង្គ្រោះជាតិ គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី ជាដើម គឺជាគណបក្សបានតែថា ហើយមិនដែលឃើញធ្វើអ្វីសោះ ជាពិសេសនៅពេលប្រជាជនជួបប្រទះទុក្ខ លំបាកម្តងៗគឺឃើញមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានចុះមកជួយបានទាន់វេលា។

សមាជិកថ្មី និងជាអតីតក្រុមសកម្មជនទាំងនោះបានថ្លែងថា មេដឹកនាំគណបក្សចាស់របស់ពួកគេ គ្មានសមត្ថភាពដឹកនាំប្រទេសនោះទេ ចេះតែម្យ៉ាងគឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គម ប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្ស ធ្វើអំពើអសីលធម៌ជាដើម៕