សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលាឃុំ​ស្វាយជ្រំ ជា​សមិទ្ធផល​ថ្មី​​ សម្រាប់​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

121

ប្រធានគណៈពង្រឹងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលឃុំស្វាយជ្រំ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន, នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ។

កណ្ដាល៖ លោក ហ៊ុន កយ មេឃុំស្វាយជ្រំ បានឲ្យដឹងថា អគាររដ្ឋបាលសាលាឃុំស្វាយជ្រំ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលដល់សំខាន់បំផុត សម្រាប់បម្រើការងារជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការកើតឡើងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនៅពេលនេះ គឺដោយសារការចង្អុលបង្ហាញពីលោកអភិបាលស្រុក និងគាំទ្រពីសប្បុរសជនផងដែរ។

ក្នុងនោះ ការចំណាយសាងសង់អគាររដ្ឋបាលសាលាឃុំនេះ ប្រើប្រាស់ថវិកាសរុបអស់៨១៥០០ដុល្លារអាមេរិក។ ដែលមានទំហំ១៧ គុណ១១,៥០ និងបានចាប់ដំណើរការសាងសង់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ហើយបានបញ្ចប់ការសាងសង់ចប់សប់គ្រប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

ជាមួយនឹងការសាងសង់អគារនេះ មានការចូលរួមជួយឧបត្ថម្ភពីសប្បុរសជនរួមមាន៖លោកឧកញ៉ា លី សេងឃាង និងលោកជំទាវ អស់ថវិកា២៧០០០ដុល្លារ, លោក បេ ឡាយឃុន និងអ្នកស្រី សយ ឡាត់ អស់ថវិកា៣៤០០០ដុល្លារ និងលោក យួន ណាត អស់ថវិកា២០៥០០ដុល្លារ ។

ឯកឧត្តម ម៉ី វណ្ណ ប្រធានក្រុមការងារចុះជួយឃុំស្វាយជ្រុំ បានលើកឡើងថា សមិទ្ធផលដែលសម្ពោធនាពេលនេះ គឺធ្វើឡើងលើទីតាំងដីរបស់រដ្ឋ និងដើម្បីរក្សាទុក្ខ សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅដែលនៅក្នុងឃុំនេះទាំងមូល អគាររដ្ឋបាលឃុំនេះ គឺល្អណាស់ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជន ហើយការជួយនេះ គឺដោយសារតែសប្បុរស ជនទាំងអស់ ជឿជាក់មកលើរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយបើគ្មានការស្រលាញ់ប្ដូរផ្ដាច់របស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មកលើរដ្ឋាភិបាលទេម្ល៉េះសមិទ្ធផលទាំងឡាយមិនអាចកើតមានឡើងនោះទេ។

ឯកឧត្ដម បញ្ជាក់ថា សមិទ្ធផលនៅឃុំស្វាយជ្រំនេះ ស្ទើរលែងហៅថាឃុំហើយ ហៅថាការអភិវឌ្ឍន៍ជាយក្រុងភ្នំពេញ ព្រោះមានផ្លូវថ្នល់ចាក់កៅស៊ូ ស្ពាន ផ្លូវបេតុង និងផ្ទះស្អាតៗជាច្រើន នាពេលយប់មើលទៅពីភ្នំពេញវិញ គឺភ្លើងភ្លឺស្រស់ស្អាត ហើយប្រជាពលរដ្ឋនៅឃុំស្វាយជ្រំ មានសំណាងជាងគេ មើលទៅក្រុងភ្នំពេញ គឺឃើញពន្លឺភ្លើងស្រស់ស្អាតរាល់ថ្ងៃ ទាំងអស់នេះ កើតចេញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋាន និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងភាពជាអ្នកដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា ពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស៕