មន្ត្រី​ជំនាញ ពិភាក្សា​លើ​គម្រោង​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​ស្អុយ​ក្នុង​ក្រុង​សិរីសោភ័ណ​

170

បន្ទាយមានជ័យ ៖ មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ី មន្ត្រីក្រសួង ស្ថាប័នជំនាញ អាជ្ញាធរដែនដី និងមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានពិភាក្សាគ្នា បន្តគម្រោងអនុវត្ត និងសាងសង់ស្ថានីយចម្រោះទឹកស្អុយនៅក្នុងក្រុងសិរីសោភ័ណ ដែលជាទីប្រជុំជនធំ មានមនុស្សរស់នៅច្រើនជាងគេទី២ បន្ទាប់ពីក្រុងប៉ោយប៉ែត នៅក្នុងខេត្ត។

លោក ជា សុវណ្ណធួន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ក្នុងសិក្ខាសាលា ស្ដីពីការស្វែងយល់ ប្រមូលទិន្នន័យ សម្រាប់តម្រូវការអាទិភាពអនុគម្រោង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានធ្វើឡើង កាលពីចុងសប្តាហ៍កន្លងមកនេះ បាននិយាយថា យោងតាមការសិក្សាកន្លងមក គឺខេត្តបានបង្ហាញតម្រុយទីតាំងសាងសង់អាងចម្រោះទឹកស្អុយនៅមាត់ស្ទឹងសិរីសោភ័ណពីរចំណុច គឺនៅខាងក្រោយសាលាគរុកោសល្យ និងវិក្រឹតិកាលខេត្ត ក្នុងភូមិ៣ និងនៅក្បែរចំណុចតាទុង ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ទីតាំងនោះ គួររដ្ឋបាលខេត្ត ក្រុងជួយបោះបង្គោលកំណត់ព្រំដីឲ្យបានទំហំ២០ហិកតា។

លោក សេង ប៊ុនរឹទ្ធិ ប្រធានសិក្ខាសាលា ស្ដីពីការស្វែងយល់ប្រមូលទិន្នន័យ សម្រាប់តម្រូវការអាទិភាពអនុគម្រោង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ បានស្នើដល់រដ្ឋបាលខេត្ត ជួយទប់ស្កាត់ការរំលោភណាមួយលើតំបន់គោលដៅគ្រោងទុកធ្វើអាងចម្រោះទឹកស្អុយ។

អាជ្ញាធរដែនដី បានឲ្យដឹងដឹងថា ដីទីតាំងទី១ ក៏មានទំហំតូច ហើយជាប់ក្នុងមាត់ស្ទឹងផង ជាប់សាលាគរុកោសល្យផង ដែលពិបាកនឹងធ្វើអាងចម្រោះ។ ទីតាំងទី២ ទោះជាដីធំទូលាយ ហើយនៅឆ្ងាយពីមាត់ស្ទឹងសិរីសោភ័ណ និងស្ទឹងម្កាក់មែន តែជាដីមានម្ចាស់២៣នាក់។ ដូច្នេះ បើរដ្ឋ និងមន្ត្រីអនុគម្រោងត្រូវការ ទាល់តែទិញ តែជាតម្លៃសម្បទាន សមស្រប។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដាក់ផែនការការងារជូនលោក កែវ តារារស្មី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីក្រុមការងារចុះសិក្សា ពិនិត្យ អង្កេត លើទីតាំង ហើយសុំឲ្យរដ្ឋបាលខេត្ត និងមូលដ្ឋាន ជួយរក្សាការពារទីតាំងគម្រោងសាងសង់ស្ថានីយទឹកស្អុយនោះ។

នាគារអភិវឌ្ឍន៍អាស៊ី បានជ្រើសរើសក្រុងចំនួន៥ នៃខេត្តជុំវិញបឹងទន្លេសាប ដើម្បីចូលរួមទទួលយកការអនុវត្តន៍ និងតម្រូវការអាទិភាពអនុគម្រោងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២។ ក្នុងនោះមានក្រុងកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ៕