បារាំង​សន្យា​បន្ត​ជួយ​កម្ពុជា​ដដែល​ ខណៈ​មួយ​ឆ្នាំ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​១០០ លាន​ដុល្លារ

173

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាលោក ហ្សង់ ក្លូដពាំប៊ឹស បានអះអាងថា រដ្ឋាភិបាលបារាំង នៅតែបន្តជួយដល់កម្ពុជាគ្រប់កាលៈទេសៈទាំងអស់ បើទោះបីជាបារាំងបានផ្លាស់ប្ដូរមេដឹកនាំថ្មី របស់ខ្លួនយ៉ាងណា ក៏ដោយនោះ។ ជាមួយគ្នានោះបារាំងក៏រំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា នឹងកាន់តែកើនឡើងបន្ថែមទៀត ខណៈកាលពីឆ្នាំ២០១៦ កន្លងទៅ ការនាំចេញនាំចូលរវាងភាគីទាំងពីរបានកើនឡើងដល់ជាងមួយពាន់លានដុល្លារ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរូបនេះ គឺបានធ្វើឡើង នៅក្នុងកិច្ចជំនួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន នាថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមុននឹងបញ្ចប់បេសកកម្មរបស់លោកប្រចាំនៅកម្ពុជា។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំនេះ បានលើកឡើង ដោយស្រងសម្តីរបស់លោក ហ្សង់ក្លូដ ពាំប៊ឺសថា ប្រទេសបារាំងគឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយបារាំងនៅតែបន្តផ្តល់ជំនួយដល់កម្ពុជាដដែលមិនថា ពេលវេលាណានោះឡើយ ហើយជាងនេះទៅទៀតកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង នឹងកាន់តែជិត ស្និតបន្ថែមទៀតលើគ្រប់វិស័យបើទោះបីនាពេលបច្ចុប្បន្ននេះបារាំងបានផ្លាស់ប្រធានាធិបតី ថ្មីរបស់ខ្លួនក៏ដោយនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានលើកឡើងថា ប្រទេសបារាំងគឺជាប្រទេសដែលបានជួយដល់កម្ពុជាគ្រប់វិស័យទាំងអស់ ហើយជាងនេះទៅទៀតបារាំងបាននាំឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។នេះបើតាមការឲ្យដឹងរបស់លោកឈីវ យីស៊ាង។

បើតាមលោកអនុរដ្ឋលេខាធិការនេះដដែល បានឲ្យដឹងទៀតថា បារាំងបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាក្នុងមួយឆ្នាំៗ ប្រមាណជាមួយរយលានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍លើវិស័យសុខាភិបាល អប់រំ វិស័យទឹកស្អាត បណ្តុះបណ្តាលដល់កងទ័ពមួកខៀវកម្ពុជា និងវិស័យជាច្រើនទៀត។

យោងតាមរបាយការណ៍របស់គយបារាំងប្រចាំនៅកម្ពុជា បានឲ្យទូរទស្សន៍ប៊ីធីវី ដឹងនាថ្ងៃទី២៣ខែឧសភា នេះបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំងកាលពីឆ្នាំ២០១៦កន្លងទៅ មានចំនួន៩៤១ លានអឺរ៉ូស្មើ និងជាងមួយពាន់លានដុល្លារអាមេរិក ហើយតួលេខនេះកើនឡើងចំនួន៣៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥៕