ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ចំនួន​៥ នឹង​ទទួល​បាន​ការ​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​

385

នាយកបញ្ជីថ្លៃលក់អគ្គិសនី នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបន្តការលក់បញ្ចុះថ្លៃអគ្គិសនី នៅក្នុងតំបន់ចែកចាយចំនួន១២ លើខេត្តគោលដៅចំនួន៥ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់អគ្គិសនីតម្លៃសមរម្យ។

ភ្នំពេញ៖ លោក តេង សុខុមាល នាយកបញ្ជីថ្លៃលក់អគ្គិសនី នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន តាមរយៈទូរស័ព្ទ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ថា សម្រាប់ប្រជាពលរដ្ឋដែលនឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនីនេះ មានប្រជាពលរដ្ឋនៅ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកមេមាត់ និងផ្នែកខ្លះនៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្រុកកំចាយមា ខេត្តព្រៃវែង ស្រុកឆ្លូង ខេត្តក្រចេះ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្រុកគោះក្រឡ ខេត្តបាត់ដំបង និងស្រុកគីរីសាគរ ក្នុងខេត្ត កោះកុងផងដែរ ក្នុងតំបន់ដែលសេវាករឯកជន បានប្រើប្រាស់អគ្គិសនីចេញពីបណ្តាញជាតិ ។

លោក តេង សុខុមាល បានឲ្យដឹងថា សម្រាប់ការបញ្ចុះថ្លៃនេះ រួមមាន ប្រភេទលំនៅដ្ឋានប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់ក្នុងមួយខែ មិនលើសពី១០គីឡូវ៉ាត់ម៉ោង បញ្ចុះពី១.០០០រៀល មកនៅ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ការប្រើប្រាស់ក្នុងមួយខែពី១១ ដល់៥០ គីឡូវ៉ាត់ម៉ោង បញ្ចុះពី១.០០០រៀល មកនៅ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចំណែកការប្រើប្រាស់ក្នុងមួយខែ ចាប់ពី៥១គីឡូវ៉ាត់ម៉ោងឡើង បញ្ចុះពី១.០០០រៀល មកនៅ៧៩០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងនោះសម្រាប់ការទូទាត់ដោយថវិការដ្ឋ គ្រប់លំនៅឋានជនបរទេស គ្រប់ទំហំប្រើប្រាស់បញ្ចុះ ពី១.០០០រៀល មកនៅ៧៩០រៀល។ ចំណែកអតិថិជនទិញមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្ម ទាំងអស់ និងការប្រើប្រាស់បូមទឹកធ្វើកសិកម្មនៅពេលយប់ ក៏ត្រូវបានបញ្ចុះថ្លៃផងដែរ។

សូមបញ្ជាក់ថា សម្រាប់ថ្លៃអគ្គិសនីដែលគ្រោងនឹងបន្ថយថ្លៃ នឹងដាក់ឲ្យអនុវត្តន៍តំបន់សេវាករទាំង១២ សម្រាប់វិក្កយបត្រថ្លៃលក់អគ្គិសនីថ្មី នឹងកំណត់ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះតទៅ៕