ត្រីមាស​ទី​១ ឆ្នាំ​២០១៧​កាកបាទក្រហមកម្ពុជា ​បានផ្តល់​ជំនួយ​មនុស្សធម៌​ជាង​ ៣​ម៉ឺន​គ្រួសារ

149

ភ្នំពេញ៖ របាយការណ៍កាកបាទក្រហមកម្ពុជាបង្ហាញថា ក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០១៧ ស្ថាប័នជំនួយមនុស្សធម៌មួយនេះ បានផ្តល់ជំនួនមនុស្សធម៌ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ។

យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាសម្ភារៈប្រើប្រាស់គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងសាខា សរុប ៣៣ពាន់១១៣ គ្រួសារ ក្នុងនោះ ថ្នាក់កណ្តាលចំនួន ២១ពាន់៧៩២គ្រួសារ មានរាជធានី និងខេត្តចំនួន ១៦ និងថ្នាក់សាខាចំនួន ១១ពាន់៣២១គ្រួសារ មានទូទាំង២៥ រាជធានី ខេត្ត។

របាយការណ៍ដដែលបន្តថា រាល់ការចែក អំណោយមនុស្សធម៌ ទាំងថ្នាក់កណ្តាល និងសាខាជាមធ្យមក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាមមី១កេស ត្រីខ១០កំប៉ុង មុង១ភួយ១សារុង១ក្រម៉ា១ និងថវិកាតាមលទ្ធភាពជាក់ស្តែង។

ដោយឡែកការងារថែទាំសុខភាពក្នុងសហគមន៍ ថ្នាក់ដឹកនាំ រួមនឹងក្រុមការងារកាកបាទក្រហមកម្ពុជា បានចូលរួមជាប្រចាំក្នុងទិវាជាតិសុខភាពមាតា និង ទារក ថ្ងៃ២១ ខែកុម្ភះ ដែលសាខាទាំង២៥ រាជធានី ខេត្ត បានប្រារព្ធធ្វើ ព្រមទាំងបានចុះសួរសុខទុក្ខ និងផ្តល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនស្ត្រីទើបសម្រាលកូនរួចនៅតាមមណ្ឌលសុខភាពចំនួន ១ពាន់៣០៩នាក់៕