ក្រសួង​ការងារ​ថ្កោលទោស​​ទណ្ឌិត​ សម រង្ស៊ី ​ដែល​ចោទ​ក្រសួង​ និង​រដ្ឋាភិបាល​ថា ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិកទៅ​បោះឆ្នោត​ឃុំ​-​សង្កាត់

233

ភ្នំពេញ ៖ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់ក្រសួងការងារ និងរាជរដ្ឋាភិបាលថា ហាមឃាត់ មិនឲ្យបងប្អូនកម្មករនិយោជិកទៅចូលរួមបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ខាងមុខនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការងារនេះ គឺបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សជំទាស់បច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងតាមរយៈវិដេអូឃ្លិប ក្នុងហ្វេសបុកផ្ទាល់ខ្លួនថា ក្រសួងការងារមិនអនុញ្ញាតឲ្យបងប្អូនកម្មករនិយោជិក ទៅចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ តែយ៉ាងណាក៏ដោយក្រសួង បានលើកឡើងថា ការថ្លែងរបស់ទណ្ឌិត សម រង្ស៊ី យ៉ាងដូច្នេះ គឺខុសពីការពិត ហើយធ្វើឡើងដើម្បីគេងចំណេញនយោបាយ បោកប្រាប់ប្រជាពលរដ្ឋ ឲ្យមានការភាន់ច្រឡំតែប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងដែលបានចេញនៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៧នេះបានបន្តទៀតថាតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា (..) គឺជាស្ថាប័នឯករាជ្យ និងអព្យាក្រឹតតែមួយគត់ ដែលមានសិទ្ធិចាត់ចែង រៀបចំ និងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា។

សេចក្តីប្រកាស បានបន្តថា កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ គ..ប បានចេញសេចក្តីអំពាវនាវរួចហើយ ទៅឲ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នៅកម្ពុជា ឲ្យជួយសម្រួល និងបង្កលក្ខណៈងាយស្រួលឲ្យកម្មករនិយោជិក បានទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ហើយជាងនេះទៅទៀតគ...ក៏បានណែនាំដល់គណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឲ្យបង្កលក្ខណៈងាយស្រួលជូនកម្មករនិយោជិក បានចូលរួមបោះឆ្នោតមុនគេនៅតាមការិយាល័យបោះឆ្នោត នានានៅទូទាំងប្រទេសផងដែរ។

បើតាមសេចក្តីថ្លែងការណ៍នេះដដែល បានលើកឡើងទៀតថា«ក្រសួងការងារ រំលឹកដល់ទណ្ឌិត សម រង្ស៊ី ដែលជាអ្នកទោសកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជាថា ទាំងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងសមាសភាពនៃថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាផ្លែផ្កានៃការពិភាក្សាគ្នាយ៉ាងលម្អិតរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា។ ជាពិសេសច្បាប់នេះ ត្រូវបានសាទរ និងទទួលយកដោយសមាជិកសភានៃគណបក្សទាំងពីរ ក្នុងនោះក៏មានទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិនាពេលនោះផងដែរ។

ជាមួយគ្នានោះក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចោទជាសំណួរថា ប្រសិនបើទណ្ឌិត សម រង្ស៊ី ពិតជាចង់ឲ្យកម្មករនិយោជិកត្រឡប់ទៅចុះឈ្មោះ និងបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនពិតមែន ហេតុអ្វីបានជានៅពេលនោះទណ្ឌិតសម រង្ស៊ី មិនស្នើឲ្យមានការកំណត់ចំនួនថ្ងៃឈប់សម្រាក តែម្តងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ ក្រសួងការងារក៏បានប្រាប់ដល់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកទាំងអស់កុំធ្វើអ្វីខុសពីការពិត ហើយដើម្បីតែផលប្រយោជន៍បក្សនិងបុគ្គលខ្លួនផ្ទាល់នោះកាលពីកន្លងទៅទណ្ឌិត សម រង្ស៊ី និងបក្សពួកតែងតែយកបងប្អូនកម្មករនិយោជិកធ្វើជាឈ្នាននយោបាយ ហើយបានធ្វើការអំពាវនាវដល់ក្រុមហ៊ុនអន្តរជាតិមិនឲ្យទិញនិងវិនិយោគនៅប្រទេសកម្ពុជាផងដែរ ដែលទង្វើនេះ បញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និងបក្សពួកប្រឆាំង នឹងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិក និងប្រទេសជាតិទាំងមូលផងដែរ។ដូច្នេះ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចអត់ឱនឲ្យបាននោះឡើយ៕