គជប​៖ សកម្មភាព​ឃោសនាបោះឆ្នោត​ប្រព្រឹត្តិ​ដោយ​រលូន សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ និង​គ្មាន​អំពើ​ហិង្សា

364

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជបនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៧ នេះ បានប្រកាសអោយដឹងថា រយៈពេល ១៣ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ របស់គណបក្សនយោបាយ ដែលបានដាក់ពាក្យប្រកួតប្រជែងបានប្រព្រឹត្តិទៅដោយរលូន សន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទទួលបានពីគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត បានប្រកាសអោយដឹងនៅថ្ងៃទី១ ខែមិថុនានេះ ថា មានគណបក្សនយោបាយធ្វើសកម្មភាពឃោសនា និងហែក្បួនឃោសនាជាទ្រង់ទ្រាយធំមានពីរគណបក្សតែប៉ុណ្ណោះ ដែលធ្វើសកម្មភាពនៅទូទាំង ២៥ រាជធានី ខេត្តជារៀងរាល់ថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ដោយឡែកគណបក្សនយោបាយចំនួន ១០ ផ្សេងទៀតគឺមានគណបក្សហ្វ៊ុនស៊ិនប៊ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យជាដើម បានធ្វើសកម្មភាពហែក្បួននៅតាមបណ្តាឃុំសង្កាត់ក្នុងរាជធានី ខេត្តដែលខ្លួនបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្រៅពីហែក្បួនឃោសនា គណបក្សនយោបាយនីមួយៗ ក៏បានធ្វើសកម្មភាពចុះចែកខិតប័ណ្ណ មួក អាវយឺត បដា ពាក្យស្លោក ស្លាកសញ្ញាគណបក្សតាមផ្ទះរបស់ប្រជាពលរដ្ឋ ចាក់មេក្រូតាមទីស្នាក់ការគណបក្សនយោបាយផ្សព្វផ្សាយនយោបាយ ចាក់មេក្រូចល័តតាមភូមិ និងប្រមូលផ្តុំគ្នាផ្សព្វផ្សាយគោលនយោបាយនៅទីសាធារណៈផងដែរ។

ជាមួយគ្នានេះ គជប ក៏បានប្រកាសអោយដឹងពីការដាក់ ការទទួល និងការដោះស្រាយបណ្តឹងនៅ គណកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី ៣១ ខែឧសភា កន្លងទៅនេះ មានបណ្តឹងចំនួន៦៥ បណ្តឹង ។ ក្នុងចំណោមនោះ មានបណ្តឹងចំនួន ៤៨ ជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និង ១៤ បណ្តឹងជារបស់គណបក្សសង្គ្រោះជាតិ ១ បណ្តឹងជារបស់គណបក្ស ហ្វុន ស៊ិន ប៊ិច និង ២ បណ្តឹងជា របស់ប្រជាពលរដ្ឋ។ ក្នុងចំណោមបណ្តឹងទាំងនោះត្រូវបានដោះស្រាយរួន នឹងមួយចំនួនទៀត បាននឹងកំពុងដោះស្រាយតាមនីតិវីធី។

ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយបានចាប់ផ្តើមកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៧ ដែលម មានរយៈពេល ១៣ ថ្ងៃកន្លងមកនេះ គជប បានវាយតម្លៃថា ស្ថានភាពសន្តិសុខ សុវត្ថិភាពក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សយនយោបាយទាំង១២ មានសភាពល្អប្រសើរ តែយ៉ាងណាក្តីក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស២ នាក់ក្នុងពេលឃោសនាបោះឆ្នោតផងដែរ៕