សហប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​​​ស្រុក​ព្រៃកប្បាស ៖ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​

137

សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជន គឺដើម្បីទទួលបាននូវសន្តិភាព ការអភិវឌ្ឍន៍គ្រប់វិស័យ និងបានជួយអោយប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមានជីវភាពកាន់តែល្អប្រសើរ។

តាកែវ៖ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ពេជ សោភ័ន ទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណជាជិត ១ពាន់នាក់ ក្នុងឃុំស្នោរ ស្រុកព្រៃកប្បាស នាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០១ ខែមិថុនានេះ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ទៀតថា បើចង់អោយប្រទេសជាតិមានការអភិវឌ្ឍន៍បន្ថែមទៀត ទាំងផ្លូវថ្នល់ សាលារៀន ទីវត្តអារាម ប្រព័ន្ធនិងធារាសាស្ត្រ។ល។ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះ សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាសរូបនេះ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើន និងផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ក្នុងនោះបានដំឡើងប្រាក់ខែគ្រូបង្រៀន និងកម្មករនិយោជិក ជារៀងរាល់ឆ្នាំ។

ជាមួយគ្នានោះ ឯកឧត្ដម បានបញ្ជាក់អោយដឹងទៀតថា ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានបន្តផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាព ជូនដល់កម្មករនិយោជិក និងរៀបចំផ្តល់ប្រាក់សោធននិវត្តជូនកម្មករ រួមទាំង ត្រៀមរៀបចំអនុវត្តការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាពជូនដល់មន្ត្រីរាជការផងដែរ៕