គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ធំ​នៅ​ខេត្ត​កំពង់ចាម​ដោយមាន​អ្នកចូលរួម​ដង្ហែ​រាប់​ពាន់​នាក់​

257

នៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយគណបក្សនីមួយៗ បានធ្វើឡើងដោយទ្រង់ទ្រាយធំតាមលទ្ធភាពអ្នកគាំទ្ររបស់បក្សរបស់ខ្លួន។ ដោយឡែកសម្រាប់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចវិញ បានបញ្ចប់យុទ្ធនាការដោយទ្រង់ទ្រាយធំរបស់ខ្លួននៅស្រុកកង់មាស រួមនិងទីតាំងជាច្រើនកន្លែងទៀតនៅខេត្តកំពង់ចាមដោយមានអ្នកចូលរួមរាប់ពាន់នាក់។

កំពង់ចាម៖ មានបន្ទូលទៅកាន់សមាជិកសមាជិកានិងអ្នកគាំទ្រនៅឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាមជាងមួយពាន់នាក់ នៅថ្ងៃទី០២ នេះសម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិព្រះប្រធានគណកប្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលបានការគាំច្រើនឡើងវិញដោយសារគណបក្សនេះជាគណកប្សរាជានិយមសីហនុនិយម ហើយមានគោលនយោបាយច្បាស់លាស់មិនសន្យាខ្យល់នោះឡើយ។

ព្រះអង្គម្ចាស់នរោត្តម រណ ឬទ្ធិ បានលើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមិនសូន្យកៅអីបន្តទៅទៀតឡើង ក្រោមការដឹកនាំព្រះអង្គនោះហើយថាប្រសិនបើគណបក្សនេះទទួលបានសម្លេងជាមេឃុំនិងសង្កាត់នឹងធ្វើការអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អប្រសើដោយមិនកុហកនោះឡើយ។ ជាងនេះទៅទៀតគណបក្សរាជានិយមមួយនេះក៏បានសន្យាថានិងខិតខំរកទីផ្សារសម្រាប់កសិផលបងប្អូនប្រជាកសិករឲ្យមានតម្លៃសមរម្យផងដែរ។

នៅក្នុងពិធីជួបជុំអ្នកគាំទ្រលើកចុងក្រោយនេះព្រះអង្គម្ចាស់នរោត្តម រណ ឬទ្ធិព្រះប្រធានគណបក្សក៏បានធ្វើការអំពាវនាវជាថ្មីទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រទាំងអស់លើកកម្ពស់របបរាជានិយម និងគណបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញ ពីព្រោះថារបបរាជានិយមនេះហើយដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។

សម្តេចក្រុមព្រះនរោត្តម រណ រទ្ធិ បានលើកឡើងថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញគឺបាន ធ្វើឲ្យប្រទេសជាតិមាតុភូមិមានសុខសន្តិភាព ដូច្នេះយុវជនខ្មែរដែលជាទំពាំងស្នងឫស្សី ត្រូវខិតខំធ្វើយ៉ាងណារក្សានូវរបបនេះឲ្យបានស្ថិតស្ថេរជារៀងរហូត ហើយថាយុវជនឬប្រជាពលរដ្ឋខ្មែរទាំងអស់គប្បីត្រូវដង្ហែរតាមព្រះរាជបណ្តាំរបស់ព្រះមហាវិរៈក្សត្រព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ត្រូវសាមគ្គីគ្នាដោះស្រាយប្រទេសជាតិ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចំរើនថែមទៀតជាដើមនោះ។

សម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិបានមានបន្ទូលទៀតថា គណបក្សហ្វ៊ុនស៊ិនប៉ិចគឺជាគណបក្សរាជានិយមតែមួយគត់នៅកម្ពុជាដែលបានបង្កើតឡើងដោយស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ដូច្នេះយុវជនយុវនារីទាំងអស់ត្រូវចង់ចាំស្នាព្រះហស្ថរបស់ព្រះអង្គដែលជាបិតាឯករាជ្យជាតិនោះ ហើយត្រូវបោះឆ្នោតគាំទ្រនូវគណបក្សហ្វ៊ុនស៊ិនប៉ិចនេះបន្តទៀតដើម្បីជាដៃគួដ៏ល្អជាមួយគណបក្សប្រជាជនកម្ពុជា កសាងប្រទេសជាតិ ឲ្យកាន់តែមានភាពជឿនលឿនបន្ថែមទៀត។

នៅក្នុងឱកាសសំណេះសំណាលនោះដែរ សម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅធ្វើការបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ហើយមិនតែប៉ុណ្ណោះព្រះអង្គបានអះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងមិនសូន្យកៅអីតទៅទៀតឡើយ។ ក្រោមការដឹកនាំរបស់ព្រះអង្គផ្ទាល់នោះហើយព្រះអង្គថា ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច គ្មានកៅអីកាលពីអាណត្តិកន្លងទៅដោយសារតែអវត្តមានព្រះភ័ក្ត្ររបស់ព្រះអង្គតែប៉ុណ្ណោះ៕