កីឡាករ​ម្ចាស់​ស្រុក​ Andrea Dovizioso ឈ្នះ​ការ​ប្រណាំង​ម៉ូតូ GP នៅ​ទីលាន​ប្រទេស​អ៊ីតាលី​​

169

ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូ GP អ៊ីតាលី Andrea Dovizioso បានជំនះនឹងជំងឺរបស់ខ្លួនប្រជែងឈ្នះការប្រកួតប្រណាំងម៉ូតូ GP នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថ្ងៃអាទិត្យម្សិលម៉ិញ ខណៈដែល Maverick Vinales បានលេខ២ ដើម្បីពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។

M15

Dovizioso បានក្លាយជាអ្នកឈ្នះ ៤នាក់ផ្សេងគ្នាក្នុងចំណោម ៦ទីលានរដូវកាលនេះ ខណៈដែលនៅពេលនេះគេឡើងមកលេខ២ ក្នុងតារាងជើងឯកពិភពលោក ក្រោយពេល Valentino Rossi បញ្ចប់ការប្រកួតនៅអ៊ីតាលីនេះបានត្រឹមលេខ៤ ខណៈដែលកីឡាករអ៊ីតាលីមួយរូបទៀត Danilo Petrucci បញ្ចប់លេខ៣ មានន័យថា អ៊ីតាលីពីរនាក់នៅលើវេទិកាកិត្តិយសក្នុងការប្រកួតលើទឹកដីខ្លួនឯង។ ក្រោយ ៦ទីលានរដូវកាលនេះកីឡាករអេស្ប៉ាញរបស់ក្រុម Yamaha, Maverick Vinales បានពន្លាតពិន្ទុនាំមុខគេក្នុងតារាងជើងឯកពិភពលោកមាន ១០៥ពិន្ទុ ពោលគឺនាំមុខអ្នកលេខ ២៦ពិន្ទុគឺកីឡាករអ៊ីតាលី Andrea Dovizioso ដែលមាន ៧៩ពិន្ទុ ខណៈ Valentino Rossi មាន ៧៥ពិន្ទុ។ ផ្នែក Moto2 ក៏កីឡាករអ៊ីតាលីជាអ្នកឈ្នះដែរគឺកីឡាករវ័យ ៣១ឆ្នាំ Mattia Pasini ខណៈដែលផ្នែក Moto3 ក៏ជ័យជំនះបានទៅកីឡាករអ៊ីតាលីដែរ Andrea Migno របស់ក្រុម KTM៕
អត្ថបទ៖នាង សុភាវុធ