កីឡាករ​ហូ​ឡង់ Bouwman ឈ្នះ​ដំណាក់​កាល​ទី​៣ ​ក្នុង​ការ​ប្រណាំង​កង់​​កម្ម​វិធី Criterium du Dauphine 2017​

140

ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិហូឡង់ Koen Bouwman បានដណ្ដើមយកជ័យជំនះក្នុងដំណាក់កាលទី៣ ហើយកាលពីថ្ងៃអង្គារដែលមានប្រវែងផ្លូវសរុប ១៨៤គីឡូម៉ែត្រចេញពី Le Chambon-Sur;Lignon ឆ្ពោះទៅកាន់ Tullins តែនៅមិនអាចធ្វើអ្វីកីឡាករបែលហ្សិក Thomas De Gendt យកអាវកាក់ពណ៌លឿងបានឡើយ។W9អ្នកប្រណាំងឲ្យក្រុមផលិត LottoNL-Jumbo ធ្វើបានលឿនជាងគេក្នុងការមកដល់ទីព្រ័ត្រ ក្រោយធ្វើបានត្រឹម ៤ម៉ោង ០៦នាទីនឹង ០៦វិនាទី ខណៈដែលកីឡាករមកពីលីទុយអានី Evaldas Siskevicius វ័យ ២៨ ឆ្នាំបានមកដល់លំដាប់ទី២ និងលេខ៣ កីឡាករបែលហ្សិក Frederik Backaert នៃក្រុម Wanty-Gobert ហើយលេខ៤ គឺម្ចាស់ផ្ទះ Bryan Nauleau ផងដែរ។ រំលឹកថា ការប្រកួតនៅដំណាក់កាលទី៣ នេះគឺជាដំណាក់កាលផ្លូវរាបស្មើ តែកីឡាករទាំងអស់មានការប្រកួតប្រជែងគ្នាខ្ពស់ ពោលគឺនៅត្រង់ចំណុចនៅដល់ប្រវែង ៧គីឡូម៉ែត្រទៀតដល់ទីព្រ័ត្រ។

ក្រោយការប្រកួតបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃអង្គារ កីឡាករបែលហ្សិក Thomas De Gendt នៃក្រុមផលិត Lotto-Soudal បន្តនាំមុខគេដដែលដោយមាន ១២ម៉ោងនឹង ៣៧នាទី ០៤វិនាទីនាំមុខលើតារាងជើងឯករួម ខណៈដែលកីឡាករ Axel Domont របស់ម្ចាស់ផ្ទះលេខ២ មាន ៤៨វិនាទីដេញពីក្រោយ ហើយ Diego Ulissi អ៊ីតាលីលេខ៣ តាមពីក្រោយ ១នាទីនឹង៣វិនាទី។ គួរបញ្ជាក់ថាការប្រកួតនៅដំណាក់កាលទី៤ ថ្ងៃពុធនេះគឺចេញពី La Tour-du-Pin ឆ្ពោះទៅ Bourgoin មានប្រវែងផ្លូវ ២៣.៥គីឡូម៉ែត្រដែលយកថេរៈវេលាផ្ទាល់ខ្លួន៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ