អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ជួប​សវនាការ​ជាមួយ​ប្រតិភូ​សមាគម​ជាតិ​កាកបាទក្រហម​រដ្ឋ​គូ​ចា​រ៉ាត់ ប្រទេស​ឥណ្ឌា

192

ប្រតិភូសមាគមកាកបាទក្រហមឥណ្ឌា នៃរដ្ឋគូចារ៉ាត់ នៅថ្ងៃទី ១២ ខែ មិថុនានេះ បានចូលជួបសវនាការជាមួយ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលកាចូលជួបនេះ គឺធ្វើឡើងក្នុងបេសកកម្មធ្វើដំណើរ ៦៣ប្រទេស ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការបរិច្ចាគភ្នែក និងការបរិច្ចាគសរីរាង្គផ្សេងទៀត ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។

ភ្នំពេញ៖ នៅក្នុងជំនួបនេះ ប្រតិភូកាកបាទក្រហមឥណ្ឌា ក៏មានបំណងសិក្សាស្វែងយល់ផងដែរ ពីសកម្មភាពការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ សម្រាប់សមាគមកាកបាទក្រហម នៃប្រទេសទាំង២ ដែលក្នុងនោះ ភាគីឥណ្ឌា បានផ្ដួចផ្ដើមគំនិតទៅលើការផ្តល់ សេវាកម្មអប់រំពីសុខភាព និងការបរិច្ចាគសរីរាង្គដោយស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យរបស់រដ្ឋ។

ក្នុងនាមកាកបាទក្រហមកម្ពុជា អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានជំរាជូនពីសកម្មភាពការងារ ដែល កាកបាទក្រហមកម្ពុជា អនុវត្តន៍កន្លងមក ដោយផ្តោតជាសំខាន់លើវិស័យស្នូលទាំង៤រួមមាន វិស័យគ្រប់គ្រង គ្រោះមហន្តរាយ វិស័យសុខភាព និងការថែទាំសុខភាពនៅតាមសហគមន៍ការលើកកម្ពស់គោលការណ៍គ្រឹះ និង ការអភិវឌ្ឍន៍ស្ថាប័ន។

ដោយឡែក ការឆ្លើយតបទៅនិង គោលបំណងរបស់ប្រតិភូកាកបាទក្រហមឥណ្ឌា លោក ជំទាវអគ្គលេខាធិការបានជំរាបជូនថា ការបរិច្ចាគភ្នែក និងសរីរាង្គសម្រាប់កាកបាទក្រហមកម្ពុជាគឺពុំមានគម្រោង កម្មវិធីបែបនេះទេ ហើយសម្រាប់កម្ពុជាទាំងមូលយល់ថា ជាការងារមួយថ្មីមួយ ព្រោះប្រជាជនកម្ពុជា ក៏មានការយល់ដឹងតិចតួចណាស់ពីខ្លឹមសារ និងអត្ថន័យនៃការបរិច្ចាគសរីរាង្គឲ្យដល់អ្នកដែលត្រូវការ។

ប៉ុន្តែទោះជាកាក បាទក្រហមកម្ពុជា ពុំមានគម្រោងកម្មវិធីនេះក៏ដោយ ក៏សមាគមកាកបាទក្រហម នៃប្រទេសទាំង២ និងធ្វើកិច្ច សហប្រតិបត្តិការលើវិស័យមនុស្សធម៌ផ្សេងៗទៀតជាមួយគ្នាឲ្យកាន់តែប្រសើរឡើង៕