អាជ្ញាធរខេត្ត​ស្វាយរៀង ​ជំរុញ​ឲ្យ​មានការ​បណ្តុះ​បណ្តាល​កុមារ ​និង​ការពារ​បញ្ចៀស​ព​លកម្ម​កុមារ

298

ស្វាយរៀង ៖ កុមារជាទំពាំងស្នងឫស្សី បន្តការពារ និងអភិវឌ្ឍប្រទេសជាតិពីមនុស្សចាស់ ពីពេលបច្ចុប្បន្ន និងទៅអនាគត ដូច្នេះ មាតាបិតា អាណាព្យាបាល និងអង្គការដៃគូ ត្រូវបន្តដឹកនាំពួកគេដែលដល់អាយុឲ្យទៅសាលារៀន និងរួមបញ្ចៀសពួកគេឲ្យបានឆ្ងាយពីពលកម្មដែលប៉ះពាល់សុខភាព។

លោកជំទាវ ពៅ សុភាព អភិបាលរងខេត្តស្វាយរៀង ក្នុងពិធីប្រារព្ធខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ កាលពី ថ្ងៃទី១២ ខែមិថុនា នេះ បានថ្លែងថា កុមារដែលជាទំពាំងស្នងឫស្សី ត្រូវតែទទួលបាននូវការបណ្តុះបណ្តាលប្រកបដោយចំណេះដឹង និងសីលធម៌ ដោយពួកគេមិនគួរត្រូវបានប្រើប្រាស់កម្លាំងដូរយកកម្រៃនៅតាមរោងចក្រ និងសហគ្រាស ដែលហួសនឹងកម្លាំងរបស់ពួកគេនោះទេ។

លោកជំទាវ បានបន្តថា ការចូលរួមថែទាំកុមារ ជាកាតព្វកិច្ចរបស់មាតា បិតា និងអាណាព្យាបាល គ្រប់រូប តែការថែទាំកុមារនេះដែរ ក៏ជាកាតព្វកិច្ចរបស់សង្គមជាតិ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវរួមផ្តល់ និង តម្រង់ ទិសដល់កុមារ តាមរយៈការអប់រំផ្សព្វផ្សាយខ្លឹមសារអ្វីៗ ដែលទាក់ទងទៅ នឹងវប្បធម៌ ប្រពៃណី សាសនា សីលធម៌ ដែលជាតិបានអប់រំ និងរួមបញ្ចៀសហិង្សា បញ្ចៀសពលកម្មកុមារ និងផ្គត់ផ្គង់បំប៉នចំណីអាហារូបត្ថម្ភដល់ពួកគេទៅតាមតម្រូវការ ដើម្បីធានាបានសិទ្ធិទាំងបួនរបស់ពួកគេ ដែលច្បាប់បានកំណត់។

លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ខេត្តស្វាយរៀង បានបញ្ជាក់ថា ក្រោមការដឹកនាំបំប៉នពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត មាតា បិតា អាណាព្យាបាល និងការចូលរួមឧបត្ថម្ភបន្ថែមពីអង្គការដៃគូ កុមារខេត្តនេះ ស្ទើរតែមួយរយភាគរយ ទទួលបានសិទ្ធិទាំងបួនល្អប្រសើរនៅគ្រប់តំបន់ តាមរយៈការទទួលបាននូវការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើពីសាលា និងសហគមន៍ ពិសេស បញ្ចៀសបានទាំងស្រុងពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ហិង្សាគ្រួសារ និងសង្គមជាតិ៕

pov3 pov pov2