កម្ពុជា​ត្រូវការ​ឈាម​យ៉ាងហោចណាស់​២០០​ផ្លោក​ក្នុង​១​ថ្ងៃ ​ខណៈដែល​អ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម មាន​ត្រឹមតែ​៣០%

256

ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អះអាងថា នៅតាមមន្ទីរពេទ្យនានា ទូទាំងប្រទេសកម្ពុជា ត្រូវការឈាមយ៉ាងហោចណាស់ប្រមាណ ជា២០០ផ្លោកក្នុងមួយថ្ងៃៗ ប៉ុន្តែសម្រាប់ការស្ម័គ្រចិត្តផ្តល់ឈាមវិញ គឺបានត្រឹមតែ៣០%ប៉ុណ្ណោះ ពោលគឺក្រៅពីនេះ គឺសុទ្ធសឹងតែបានមកពីសាច់ញាតិរបស់អ្នកជំងឺទាំងអស់។

លោកវេជ្ជ បណ្ឌិត ហុក គឹមចេង អះអាងដូចនេះក្នុងកិច្ចសម្ភាសន៍ជាមួយ ប៊ីធីវី កាលពីថ្ងៃទី ១២ ខែ មិថុនា នេះ ។លោក បន្តថា ការស្ម័គ្រចិត្តផ្តល់ឈាមនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ កត្តានេះ គឺដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតែមិនទាន់បានយល់ច្បាស់លាស់ ទើបពួកគាត់មានការបារម្ភ និងសង្ស័យច្រើនអំពីសុខភាពរបស់គាត់។

លោកវេជ្ជ បណ្ឌិត បញ្ជាក់ថា មកដល់ពេលនេះ នៅក្នុងចំណោមប្រជាពលរដ្ឋ ១៥លាននាក់ គឺមានតែ ០.%តែប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តផ្តល់ឈាម ពោលគឺក្នុង១០០នាក់ ពុំទាន់មានអ្នកស្ម័គ្រចិត្តផ្តល់ ឈាមម្នាក់ទេ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្តទៀតថា ដោយសារតែការខ្វះឈាមច្រើន នៅពេលដែលអ្នកជំងឺត្រូវការបន្ទាន់ម្តងៗ និងដើម្បីឆ្លើយតបទៅ នឹងការខ្វះខាតនេះ មជ្ឈមណ្ឌលជាតិផ្តល់ ឈាមបានរៀបចំផែនការយុទ្ធសាស្ត្រអប់រំ ផ្សព្វផ្សាយ ដល់ទាំងប្រជាជន និងយុវជន ធ្វើយ៉ាងណាឲ្យការស្ម័គ្រចិត្តផ្តល់ឈាមនេះ មានការកើនឡើង ដើម្បីឆ្លើយតបបានទៅនឹងសេចក្តី ត្រូវការរបស់អ្នកជំងឺ ចំណែកបងប្អូនប្រជាពល ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺ អាចផ្តល់ឈាមនៅ ពេលណាមួយដែលសមស្រប ឬពេលពួកគាត់បានក្លាយជាអ្នកស្ម័គ្រចិត្ត។

ចំណែកលក្ខខណ្ឌនៃការផ្តល់ និងទទូលយកអ្នកស្ម័គ្រចិត្តផ្តល់ឈាមវិញ លោកវេជ្ជបណ្ឌិត បានលើកឡើងថា ពលរដ្ឋដែលមានវ័យចាប់ពី១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ដែលមានសុខភាពល្អ សម្ពាធឈាម ល្អ គ្មានជំងឺឆ្លងផ្សេងៗ ជាដើម..

សូមរំលឹកថា កម្ពុជានឹងប្រារព្ធពិធី ទិវាពិភពលោកផ្តល់ឈាម នៅថ្ងៃទី១៤ ខែ មិថុនាឆ្នាំ២០១៧ ខាងមុខនេះ ក្រោមប្រធានបទ តម្លៃនៃការបរិច្ចាគឈាម ៕