ក្រុមហ៊ុន​កែច្នៃ​ផលិតផល​ក្នុងស្រុក​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​នាំចេញ​

214

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុនកែច្នៃផលិតផលខ្មែរជាង ៣០ក្រុមហ៊ុនកំពុងស្វះស្វែងរកដំណោះស្រាយនិងបញ្ហាប្រឈមទីផ្សារនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យមបានសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជំរុញឲ្យផលិតករក្នុងស្រុកអាចបង្កើនទីផ្សារលក់ផលិតផលខ្មែរ ហើយអ្វីដែលសំខាន់ស្វែងរកដំណោះស្រាយក៏ដូចជាបញ្ហាប្រឈមការនាំចូល ផលិតផលពីក្រៅប្រទេស។

លោកឧកញ៉ា បន្តថា ក្រុមការងារផ្នែកវិស័យឯកជន នឹងប្រជុំជាមួយសហប្រធានក្រុមការងារផែ្នកឯកជន ហើយការងារនេះ បើសិនជាដោះស្រាយមិនចេញ នឹងលើកមតិ និងកង្វល់ទៅរាជរដ្ឋាភិបាលផ្ទាល់។

លោកឧកញ៉ា បញ្ជាក់ថា ការជំរុញលក់ផលិតផលខ្មែរគឺមិនធ្វើក្នុងរូបភាពតិចតួចនោះទេ ហើយក្រុមការងារវិស័យឯកជនគាំទ្រនូវគោលការណ៍ ដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញកន្លងមក។

សម្រាប់ លោក មាស វីរៈ ម្ចាស់សិប្បកម្មស្រាទំពាំងបាយជូរព្រៃប្រចាំខេត្តកំពង់ធំ បានលើកឡើងថា បញ្ហាប្រឈមរបស់ផលិតករក្នុងស្រុកមានច្រើន ហើយជាមួយគ្នានោះ ផលិតផលពីក្រៅប្រទេសនាំចូលមានកាន់តែច្រើន តាមច្រកព្រំដែនកម្ពុជា និងថៃតែម្តង ។

លោក បានអះអាងថា ខាងក្រសួងពាណិជ្ជកម្មគួរតែត្រួតពិនិត្យការនាំចូលផលិតពីក្រៅប្រទេស ហើយត្រូវតែជម្រុញផលិតផលក្នុងស្រុកឲ្យបានកាន់តែខ្លាំងជាងនេះទៀត។

ចំណែក លោក ប៉ោ គង់ ម្ចាស់កសិដ្ឋានសរីរាង្គ អូរឆែល (ORCHEL ORGANIC FARM ) បានបញ្ជាក់ថា អ្វីដែលផលិតករខ្មែរកំពុងតែជួបប្រទះ និងរូបលោកផ្ទាល់ គឺ ផលិតផលមានច្រើនហើយលក់បានតម្លៃថោក ហើយពឹងផ្នែកលើទីផ្សារប្រទេសជិតខាង។

លោក បន្ថែមទៀតថា ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋជួបបញ្ហាច្រើនរឿងទុនបង្វិល និងកង្វះទីផ្សារនាំចេញតែម្តង។

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីថ្ងៃទី ១០ខែមិថុនាឆ្នាំ ២០១៧នេះ បានជួបជុំផលិតករផលិតដែលជាអ្នកផលិតជាង ៣០ក្រុមហ៊ុន ដើម្បីប្រជុំគ្នារកដំណោះស្រាយការលក់ផលិតផលខ្មែរទៅទីផ្សារក្រៅប្រទេស និងជម្រុញការគាំទ្រផលិតផលដោយខ្មែរ។

ក្រសួងពាណិជ្ជកម្មធ្លាប់ប្ដេជ្ញាថា នឹងប្រឹងប្រែងធ្វើយ៉ាងណាលើកស្ទួយឲ្យផលិតផលខ្មែរ ដែលប្រជាពលរដ្ឋផលិតរួចអាចលក់បានអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ហើយក្រសួងពាណិជ្ជកម្មកំពុងតែព្យាយាម បើកទីផ្សារនឹងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

 

tea tang por1 tea tang por tea tang por2