​៦​ខែ​ដើម​ឆ្នាំនេះ​ មនុស្ស​ជាង​៤០​នាក់ ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​ខេត្តតាកែវ

87

តាកែវ ៖ បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តតាកែវ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែវានៅតែបន្តឆក់យកជីវិតមនុស្សប្រមាណ៤៦នាក់ និងបង្កឲ្យមនុស្សជាច្រើនទៀតរងរបួស។

លោក ប៉ុក ពលរិទ្ធ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវបានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តតាកែវ បានកើតឡើងចំនួន៦៣លើក បណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សចំនួនជាងមួយរយនាក់ ក្នុងនោះស្លាប់ចំនួន៤៦នាក់ រងរបួសធ្ងន់ស្រាល ចំនួន៩៦នាក់ និងបណ្ដាលឲ្យខូចខាតមធ្យោបាយធ្វើដំណើរ និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។

លោក បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើន គឺបណ្ដាលមកពីកត្តាមនុស្ស ដូចជា ការបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនប្រកាន់ស្ដាំ និងបើកបរដោយក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោកប្រធានការិយាល័យចរាចរណ៍រូបនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានការថយចុះប្រមាណជាង៦០ភាគរយ បើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦កន្លងមក ពោលគឺក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៦៣លើក និងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៣នាក់។

បើតាមលោក ប៉ុក ពលរិទ្ធិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់មន្ត្រីអនុវត្តន៍ច្បាប់ និងប្រជាពលរដ្ឋឲ្យកាន់តែយល់ ច្បាស់ ពីច្បាប់ចរាចរណ៍ ការិយាល័យរបស់លោក បានធ្វើការផ្សព្វផ្សាយច្បាប់នេះ ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្ត បានចំនួន១២លើក និងបានផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ អនុវិទ្យាល័យនានាទូទាំងខេត្ត ដោយមានសិស្សចំនួនជាង២ម៉ឺននាក់បានចូលរួម ព្រមទាំងបានផ្សព្វផ្សាយតាមវេទិកាសាធារណៈ បានចំនួន១៣លើក ដោយមានប្រជាពលរដ្ឋចូលរួមចំនួនជិត២ពាន់នាក់៕

traffice takeo