Zenit St. Petersburg បង្ហាញ​គ្រូ​បង្វឹក​ថ្មី Roberto Mancini ផ្លូវការ​

170

បាល់ទាត់៖ គោលដៅចម្បងរបស់ក្លឹបរុស្ស៊ី Zenit St. Petersburg គឺវិលត្រលប់ទៅកាន់ក្របខណ្ឌអឺរ៉ុប UEFA Champions League វិញ នេះជាសំដីរបស់គ្រូបង្វឹកថ្មីសញ្ជាតិអ៊ីតាលី Roberto Mancini។ Zenit បានប្រកាសថា លោក Mancini ជាគ្រូបង្វឹកថ្មីកាលពីដើមខែ បន្ទាប់ពីខកខានមិនបានលេង Champions League ពីររដូវកាលជាប់គ្នាក្រោមការដឹកនាំរបស់អតិតគ្រូបង្វឹក Mircea Lucescu។

ក្រុមដែលបញ្ចប់លេខ៣ នៅក្របខណ្ឌ Russian Premier League មួយនេះ បានចេញសេចក្ដីប្រកាសដែរថា ក្លឹបផ្ដល់កិច្ចសន្យាអោយគ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះ ៣ឆ្នាំ និងអាចបន្ថែមពីរឆ្នាំទៀតទទួលបានថ្លៃឈ្នួលក្នុងមួយឆ្នាំ ៤.៥លានអឺរ៉ូ។ រំលឹកថា Zenit St. Petersburg ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមថាមពលធំជាងគេនៅរុស្ស៊ី Gazprom ធ្លាប់បានជួលគ្រូបង្វឹកដែលមានឈ្មោះល្បីៗមួយចំនួនមកដឹកនាំដូចជា Dick Advocaat ដែលបច្ចុប្បន្នដឹកនាំក្រុមជំរើសជាតិហូឡង់អតិតគ្រូបង្វឹក Roma បច្ចុប្បន្នដឹកនាំ Inter Milan លោក Luciano Spalletti និង Andre Villas-Boas។ ចំណែកលោក Roberto Mancini ធ្លាប់មានប្រវត្តិដឹកនាំក្លឹបធំៗជាច្រើនដែរដូចជា Inter Milan, Galatasaray និង Manchester City ដែលលោកនាំអោយឈ្នះជើងឯក English Premier League លើកដំបូង៕
អត្ថបទ៖នាង សុភាវុធ