គ្រូ​បង្វឹក​សញ្ជាតិ​បារាំង Claude Puel ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ក្លឹប​ Southampton

141

បាល់ទាត់៖ កាលពីថ្ងៃពុធក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅក្នុងក្របខណ្ឌ English Premier League គឺ Southampton បានសម្រេចបណ្ដេញលោក Claude Puel ចេញពីតំណែងគ្រូបង្វឹកហើយ ក្រោយបានដឹកនាំត្រឹមមួយរដូវកាលនៅអង់គ្លេស។
បុរសវ័យ ៥៥ឆ្នាំសញ្ជាតិបារាំងរូបនេះ បានមកដល់ទឹកដីអង់គ្លេសក្របខណ្ឌកំពូល Premier League នៅខែមិថុនាឆ្នាំមុន និងបានដឹកនាំក្រុម Southampton បញ្ចប់នៅលេខ៨។ មិនត្រឹមតែប៉ុណ្ណោះទេលោកបានដឹកនាំក្រុមឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ នៃព្រឹត្តិការណ៍បាល់ទាត់ English League Cup ឆ្នាំ២០១៦ ខណៈគេធ្លាប់លើកពានចុងក្រោយបំផុតនៅឆ្នាំ២០០៣ តែយ៉ាងណាសម្រាប់លោក Claude Puel ក៏បានយកឈ្នះចិត្តអ្នកគាំទ្រផងដែរ។

នៅក្នុងសេចក្ដីថ្លែងការរបស់ក្លឹបបានឲ្យដឹងថា សមាជិកក្នុងក្រុម Southampton ទាំងអស់សូមអរគុណដល់លោក ដែលបានខិតខំប្រឹងប្រែងជួយក្លឹបកន្លងមក ទោះថាការងារឆ្នាំទៅមិនជួបជ័យយ៉ាងណាក៏ដោយ។ ក្លឹបក៏បានបន្ថែមថា បច្ចុប្បន្នកំពុងស្វះស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកដឹកនាំក្រុម ត្រៀមប្រកួតមិត្តភាពមុនបើករដូវកាល  និងលើកទឹកដៅខ្ពស់វែងឆ្ងាយពោលគឺអនាគតក្លឹបទាំងមូលផងដែរ។ គួររំលឹកថាលោក Claude Puel គឺធ្លាប់បានដឹកនាំក្លឹបបារាំងចំនួន ៤គឺ AS Monaco, Lille, Lyon និង Nice មុនមកកាន់ Southampton៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ